ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃឆ្លងកូវីដ-១៩កើនឡើង៦ម៉ឺននាក់ រដ្ឋាភិបាលអាមេរិកនឿយហត់ដោយសារជំងឺអូសបន្លាយ

ចែករំលែក៖

ការឆ្លងកូវីដ-១៩ នៅអាមេរិកបានកើនឡើងខ្ពស់ ដោយសារតែវីរុសបំប្លែងខ្លួនថ្មី បើទោះបីអាមេរិកមានករណីចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនយ៉ាងណាក្តី។ ការឆ្លងកើនឡើងខ្ពស់គឺលើសពីអ្វីដែលសេតវិមានបានគិតគូរ។
ក្រោយរយៈពេលជាច្រើនខែ មានករណីឆ្លងកូវីដ-១៩ថយចុះ ប៉ុន្តែនៅពេលនេះមានករណីកើនឡើងខ្ពស់ជាថ្មីឡើងវិញ ដោយមានអ្នកឆ្លងថ្មីដល់ទៅ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ។ សារព័ត៌មាន TASS របស់រុស្ស៊ីបានព្យាករថា អាមេរិកកំពុងតែស្ថិតនៅក្នុងដំណាក់កាលឆ្លងលើកទី៤។
តាមសារព័ត៌មាន TASS បានផ្សាយថា ករណីឆ្លងកូវីដ-១៩ថ្មីនៅទូទាំងពិភពលោករយៈពេល មួយសប្តាហ៍កន្លងមក មានប្រមាណ ៣,៧ លាននាក់កើនឡើងជាងសប្តាហ៍មុនដែលមានតែ៣,៥លាននាក់។ ការឆ្លងកើនឡើងខ្ពស់ទាំងនៅក្នុងប្រទេសទទួលបានការចាក់វ៉ាក់សាំងច្រើន។
ក្រៅពីអាមេរិកប្រទេសជាច្រើនជុំវិញពិភពលោកក៏មានករណីកើនឡើងខ្ពស់ផងដែរ ដូចជា ឥណ្ឌូនេស៊ីមានករណីឆ្លងថ្មី ៤៥ពាន់នាក់ ម៉ាឡេស៊ី ១២ពាន់នាក់ ថៃជាង១៥ពាន់នាក់។ អុីរ៉ង់មានករណីឆ្លងជាង២៧ពាន់នាក់ លើសពីពេលដំបូងនៃការផ្ទុះកូវីដ-១៩ទៅទៀត ។
ជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានអនុម័តវិធានការតឹងតែងជាថ្មីឡើងវិញដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅអាមេរិករដ្ឋាភិបាលនឹងអនុវត្តវិធានការពាក់ម៉ាស់ជាថ្មីនៅទីសាធារណៈ៕ដោយ៖ធីរីណា

រូបថត៖AP.


ចែករំលែក៖