ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបោះពួយទៅបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឱ្យរងការខូចខាត តែសំណាងល្អមនុស្សអត់រងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវគេសង្ស័យថាស្រវឹងស្រាជោកជាំបានបើករថយន្តបោះពួយទៅបុកជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូរួចផុតពីសេចក្ដីស្លាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមុខវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលហេតុការណ៍នេះកើតឡើងគេបានឃើញបុរសម្នាក់នេះបើករថយន្តម៉ាកនីស្សាន់ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ61.2-0167តាមបណ្ដោយផ្លូវបេតុង បោះពួយក្នុងល្បឿនលឿន ហើយខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ1FB-2249យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តហើយនិងម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរម៉ូតូបានរួចផុតពីសេចក្ដីស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយពិនិត្យកន្លែងកើតហេតុនិងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយមកភាគីខាងរថយន្តដឹងកំហុសខ្លួន ក៏បានសងទៅខាងភាគីម៉ូតូចំនួន1000ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

ដោយ៖ អរុណរះ


ចែករំលែក៖