កាលពីថ្ងៃទី២៥ ខែកក្កដា ប្រធានាធិបតីទុយនីស៊ី (Tunisia) លោក Kais Saied បានប្រកាសដកហូតតំណែងនាយករដ្ឋមន្ត្រី Hicham Mechichi និងផ្អាកដំណើរការរដ្ឋសភា ដកអភ័យឯកសិទ្ធិទាំងអស់របស់តំណាងរាស្ត្រ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ ក្រោយកោះប្រជុំមន្ត្រីសន្តិសុខ ប្រធានាធិបតី Kais Saied បានបញ្ជាក់ថា លោកនឹងបន្តកាន់តំណែងប្រធានាធិបតីទុយនីស៊ី ដោយមានការជួយដឹកនាំរដ្ឋាភិបាលពីនាយករដ្ឋមន្ត្រីថ្មី។
ប្រធានាធិបតីបានបញ្ជាក់ទៀតថា ការសម្រេចខាងលើ គឺយោងទៅតាមមាត្រាទី៨០ នៃរដ្ឋធម្មនុញ្ញ ក្នុងនោះត្រូវរំលាយរដ្ឋសភា ដកសិទ្ធិតំណាងរាស្ត្រទាំងអស់ ។
នៅពេលនេះដែរ ពលរដ្ឋទុយនីស៊ី បាននាំគ្នាដង្ហែក្បួនគាំទ្រសកម្មភាពរបស់ប្រធានាធិបតីនៅក្នុងរដ្ឋធានីTunis ។ បណ្តាញទូរទស្សន៍ទុយនីស៊ីបានផ្សាយថា ប្រធានាធិបតី Kais Saied ក៏បានជួបជាមួយពលរដ្ឋដែលបានដង្ហែក្បួនគាំទ្ររូបលោកផងដែរ។
កន្លងមកក៏មានពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្ម ក្នុងរដ្ឋធានីTunis ប្រឆាំងរដ្ឋាភិបាលដែលគ្រប់គ្រងការឆ្លងកូវីដ-១៩ មិនបានល្អ ។ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាដើម្បីធ្វើបាតុកម្មប្រឆាំងគណបក្ស Ennahdha និងនាយករដ្ឋមន្ត្រី Hichem Mechichiដែលដឹកនាំប្រទេសមិនបានល្អ។
ពាក់ព័ន្ធនឹងការដកតំណែងនាយករដ្ឋមន្ត្រី រំលាយរដ្ឋសភា ប្រធានរដ្ឋសភាទុយនីស៊ី លោក Rached Ghannouchi បានលើកឡើងថា ប្រធានាធិបតី Daied កំពុងតែធ្វើរដ្ឋប្រហារ ប្រឆាំងបដិវត្តន៍ និងរដ្ឋធម្មនុញ្ញ។
នៅថ្ងៃទី២៦ខែកក្កដា កម្លាំងទាហានទុយនីស៊ីបានដាក់ពង្រាយនៅក្នុងរដ្ឋធានី ដើម្បីទប់ស្កាត់អំពើហិង្សាកើតឡើង ៕
ដោយ៖ ធីរីណា(រូបភាព៖Reuters +AFP)