ភ្នំពេញ៖ នៅថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣នាក់ ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
សូមបញ្ជាក់ផងដែរថា, លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងដល់លេខទី ១លាន រហូត៦លាននាក់ហើយ។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៧៧៨នាក់ទៀត ជាសះស្បើយ ៦៨៦នាក់ និងស្លាប់ ២២នាក់៖
– ករណីឆ្លងសហគមន៍ ៣០៣នាក់
– អ្នកដំណើរពីបរទេស ៤៧៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 73,701 នាក់
– អ្នកជាសះស្បើយ= 65,950 នាក់
– អ្នកស្លាប់= 1,305 នាក់ ៕
ដោយ ៖ សិលា