ចាប់ពីម៉ោង១៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៦ ខែកក្កដា ទីក្រុងហូជីមិញនឹងអនុវត្តបម្រាមគោចរទាំងស្រុង ដោយពលរដ្ឋមិនអាចចេញពីផ្ទះបានឡើយក្នុងអំឡុងពេលនេះ។ ការសម្រេចខាងលើក្រោយពេល គណៈកម្មាធិការទីក្រុងហូជីមិញបើកកិច្ចប្រជុំសម្រេចអនុវត្តបម្រាមគោចរ។
គិតចាប់តាំងពីថ្ងៃទី២៧ ខែមេសា មកទល់ពេលនេះ ទីក្រុងហូជីមិញ រកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៥៥ពាន់នាក់ ។ ក្នុងរយៈពេល១៧ថ្ងៃនៃការអនុវត្តគម្លាតសង្គម ទីក្រុងហូជីមិញបានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅ៤៦.៨០០នាក់។ ដូច្នេះជាមធ្យមទីក្រុងនេះរកឃើញករណីឆ្លងជិត៣ពាន់នាក់ក្នុងមួយថ្ងៃស្ថិតនៅតំបន់បិទខ្ទប់ និងទីតាំងធ្វើចត្តាឡីស័ក។
លោក ង្វៀង ថាញ់ ផុង(Nguyễn Thành Phong)ប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ បានឱ្យដឹងថា ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ ពិតជាស្មុគស្មាញ ពិបាកប៉ាន់ស្មាន មូលហេតុគឺកើតចេញពីការមិនគោរពច្បាប់គម្លាតសង្គម និងការត្រួតពិនិត្យមិនតឹងតែង ។ បច្ចុប្បន្ននៅមានតំបន់ជាច្រើននៅតែមានការជួបគ្នា មនុស្សជាច្រើននៅតែចេញតាមផ្លូវ បើទោះបីបានអនុវត្តច្បាប់គម្លាតសង្គមក្តី។ ទាំងនោះហើយបានជាទីក្រុងហូជីមិញត្រូវតែអនុវត្តវិធានការតឹងតែងជាងមុន ទើបអាចទប់ស្កាត់កូវីដ-១៩ បាន ។
លោក ផុង បានបន្តទៀតថា «ប្រសិនបើពលរដ្ឋនៅតែចេញតាមផ្លូវមានន័យថាជំងឺឆ្លងនៅតែបន្តកើនឡើងខ្ពស់។ ខ្ញុំសូមស្នើដល់ពលរដ្ឋត្រូវតែគោរពបទបញ្ជាដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩។ ចាប់ពីយប់ថ្ងៃទី២៦ខែកក្កដាពលរដ្ឋមិនអាចចេញក្រៅផ្ទះបានឡើយ លើកលែងតែករណីសង្គ្រោះបន្ទាន់។ កម្លាំងប៉ូលិស ទាហាន និងមន្ត្រីក្នុងតំបន់ ត្រូវតែយាមល្បាត២៤/២៤ម៉ោងដើម្បីទប់ស្កាត់ពលរដ្ឋបំពានច្បាប់ ៕ដោយ៖ធីរីណា
រូបភាព៖TTXVN