ព័ត៌មានទាន់ហេតុការណ៍៖

បាក់ស្ពាននៅឥណ្ឌាសម្លាប់មនុស្ស៩នាក់និង៣នាក់បាត់ខ្លួន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់ស្លាប់ និង៣នាក់បានបាត់ខ្លួន ក្រោយពេលដុំថ្មដ៏ធំបានធ្លាក់ពីលើភ្នំចំស្ពានបណ្តាលឲ្យបាក់ស្រុតតែម្តង។
មន្ត្រីក្នុងតំបន់ Kinnaur រដ្ឋ Himachal Pradesh លោក Abid Hussain Sadique បានឱ្យដឹងថា ការបាក់ដីកាលពីរសៀលថ្ងៃទី២៥ខែកក្កដា បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យដុំថ្មធំៗជាច្រើនបានធ្លាក់ចុះមកចំស្ពានបណ្តាលឲ្យបាក់ស្ពានតែម្តង។

តាមការលើកឡើងរបស់ក្រុមជួយសង្គ្រោះមានមនុស្ស៩នាក់ ស្លាប់ដោយសារតែរថយន្តដឹកពួកគាត់ត្រូវដុំថ្មធ្លាក់ចំ និង៣នាក់ទៀតបាត់ខ្លួន ។
ប្រធានាធិបតី ឥណ្ឌាលោក Ram Nath Kovind និងនាយករដ្ឋមន្ត្រី លោកNarendra Modi បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។ នាយករដ្ឋមន្ត្រីឥណ្ឌា នឹងផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះ។
សារព័ត៌មាន Hindustan Times បានដកស្រង់សម្តីប្រធានាធិបតី Ram Nath Kovind ដែលលើកឡើងថា «ខ្ញុំពិតជាកើតទុក្ខ ពេលទទួលបានព័ត៌មានស្តីពីការបាក់ដីបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន » ៕ដោយ៖ធីរីណា

កន្លែងកើតហេតុស្ពានបាក់។ រូបភាព៖ Indian Express


ចែករំលែក៖