ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ហូប​បាយ​រួច​មានអារម្មណ៍ចុក​ថប់​ដង្ហើមជួយ​សង្គ្រោះ​មិន​ទាន់​​​ក៏ស្លាប់បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ពេលត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​ បានហូប​បាយ​ជាមួយ​ប្រពន្ធ​ស្រាប់​តែ​មាន​អាការៈមិន​ស្រួល​ខ្លួនត្រូវ​បាន​អ្នក​ជិត​ខាង​នាំ​គ្នា​ជួយ​សែងចុះ​ពី​ផ្ទះ​ជួល​មក​ក្រោម​ដេីម្បី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​អកុសល​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗតែ​ម្ដង​។ ហេតុការណ៍នេះ បង្កការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​វេលា​ម៉ោង​ ១០យប់​ នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​បុរី​ អ័រគីដេរ​ ក្នុងភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។
សពជនងគ្រោះ​ មាន​ឈ្មោះ ជាង សំ​បូ​រ​ ភេទ​ប្រុស​អាយុ៣៥ឆ្នាំ​ មុខរបរ​បុគ្គលិក​ ផ្នែក​អចលនទ្រព្យ​ ស្នាក់នៅ​ផ្ទះ​ជួល​ ជាន់​ទី​២​ ភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ ។
​ បេីតាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​ មិន​បានបញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ ប្តី​របស់​គាត់​បានត្រឡប់​មកពី​ធ្វើការ​វិញ​ដូច​សព្វដង​ ហើយ​ក៏បាន​ហូប​បាយ​ជាមួយ​គាត់ជាប្រពន្ធ។ នៅ​ពេល​ហូប​បាយ​រួចហើយ​ ស្រាប់​តែ​ប្តី​របស់​គាត់​ មាន​អាការៈមិន​ស្រួល​ខ្លួន​ដោយចុកថប់​ដង្ហើម​ ហេីយ​ក៏បាត់​មាត់​បាត់​ក​តែ​ម្តង​ ។

ពេល​​ឃើញ​ដូច្នេះ​ហើយ​ រូប​គាត់​បាន​ហៅអ្នក​ជិត​ខាង​ឲ្យជួយ​សង្រ្គោះ​បឋម​ (រឹតទ្រូង លាបប្រេង​កូឡា​ )ហើយ​ក៏បានយក​បុរស​ជាប្តី​ពីជាន់លើមក​ជាន់​ផ្ទាល់ដី​ដេីម្បី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​នៅ​ពេល​មក​ដល់​ជាន់​ក្រោម​ហើយ​ ប្តី​របស់​គាត់​មាន​អាការៈធ្ងន់ធ្ងរ​ទៅ​ៗ​ លែង​និយាយ​ស្តី​អ្វី​ទាំង​អស់​ រហូត​ទាល់​តែ​មាន​រថយន្ត​សង្គ្រោះ​ទៅ​ដល់បាន​ពិនិត្យ​ឃើញ​ថា​ ប្តី​របស់​គាត់​ បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ​ ។
​ ក្នុង​ហេតុការណ៍​នេះ​ដែរ​ បន្តិច​ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ រួច​ហើយ​ក៏បានឲ្យ​ក្រុម​គ្រូពេទ្យ​ យក​សំណាក​ដេីម្បី​ពិនិត្យ​រក​ជំងឺ​កូវីដ​-១៩​ តែ​លទ្ធផល​គឺ​អវិជ្ជមាន​ ទេីប​ឲ្យសមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​បន្ត​ ។
​ ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​បានធ្វេី​កំណត់​ហេតុ​និង​ពិនិត្យ​ឃើញថា​ ជន​រងគ្រោះ​បាន​ស្លាប់​ដោយ​សារ​ខ្យល់​គរ​ រួចហើយ​ក៏បាន​ប្រគល់​សព​ឲ្យទៅសាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​​ ៕​

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖