ខេត្តព្រៃវែង៖ ដើម្បីបង្កើននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្ថិតក្នុងឃុំចំនួន៣គឺ ឃុំដូនកឹង ឃុំក្រញូង និងឃុំក្របៅ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អាជ្ញាធរស្រុកកំចាយមារ លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។
ជាថ្មីម្តងទៀត លោកអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។
ឆ្លៀតឱកាសនេះដែរ លោក ជា សុមេធី ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ខណៈដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣ការពារ ៣កុំ។
ជាទីបញ្ចប់ លោកអភិបាលខេត្ត សូមជូនពរលោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរដែលបានជួយសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងទាំងអស់ ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕
ដោយ៖សហការី