ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កចំនួន១២គ្រួសារ​ នៅសង្កាត់លេខ១ ទទួល​អំណោយសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យ មន្រ្តីសាខាអនុសាខាអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១២គ្រួសារ នៅក្នុងនោះ សង្កាត់លេខ១ ៣គ្រួសារ សង្កាត់លេខ៣ ៩គ្រួសារ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាមួយគ្នានោះ មន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ៖
+ ៣ការពារ
១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ
+ ៣កុំ
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម
សម្ភារសាខាផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស និងម៉ាស ១ប្រអប់៕

ដោយ​៖សហការី​


ចែករំលែក៖