ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្តកិច្ចបានបង្ក្រាបសត្វជ្រូកចំនួន៨ក្បាលដែលឈ្មួញលួចនាំចូលតាមច្រករបៀងយកមកលក់នៅតាមជាយដែនក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងបានយកមកដុតកម្ទេចចោល នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១នេះ។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានមានប្រសាសន៍ថា សត្វជ្រូកដែលចាប់បាននេះគឺពួកក្រុមឈ្មួញបានកាប់មកពីប្រទេសថៃហើយជាស្រេច ។ដោយគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ លោកបានដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានបង្រ្កាបករណីលួចនាំជ្រូកចូលតាមច្រករបៀងមកលក់នៅតាមភូមិតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិខាងលើមានចំនួន៨ក្បាល ។
លោកបានបញ្ជាក់ប្រាប់ថា៖ សត្វជ្រូកនេះនាំចូលមកពីប្រទេសថៃសម្រាប់លក់ចែកចាយបន្តតាមភូមិក្បែរព្រំដែនកម្ពុជា-ថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានតំណាងម្ចាស់ជ្រូកឈ្មោះ វន្នី វន្ថា នៅស្រុកអូរជ្រៅ។ ពេលចាប់បានហើយក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះទៅដុតកម្ទេចចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដើម្បីបញ្ជៀសការឆ្លងនូវមេរោគផ្សេងៗដល់សត្វជ្រូកក្នុងស្រុក ពិសេសគឺជំងឺប៉េសអា ហ្វ្រិក ៕
ដោយ ៖ វណ្ណា