ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនយុវជនស្ទាវ២នាក់គប់កញ្ចក់រថយន្តតាមផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១បន្ទាប់ពីបានយកដុំថ្មគប់កញ្ចក់រថយន្តប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៥ នៅចំណុចក្បែរស្ថានីយថ្លឹងរថយន្ត ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ។
លោក អនុសេនីយត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយត្រីយ សាក់ សារ៉ាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង ស្ថាប័នអយ្យការ នាព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ បានឃាត់ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនិងករណីរគប់កញ្ចក់រថយន្ត របស់ពលរដ្ឋតាមផ្លូវ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ម្នាក់ឈ្មោះ សំអាត ម៉ាលីពុទ្ធានី ភេទប្រុសអាយុ១៧ឆ្នាំ និង ម្នាក់ទៀតឈ្មោះជា ចាន់រិទ្ធ ជនសង្ស័យទាំងពីរនាក់រស់នៅឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ក្នុងពេលដកហូត កម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង បានដកហូតម៉ូតូ១គ្រឿង ម៉ាក Zoomer ពាក់ស្លាកលេខពោធិ៍សាត់១E-៧៦៦២ ។
លោក អនុសេនីយត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានឱ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូក្បែររថយន្តធំមួយ ហើយបានចោទថារថយន្តធំនោះបានកៀរខ្លួន បានយកដុំថ្មគប់ទៅលើរថយន្តនោះបណ្តាលឱ្យខូចខាត ។ ហើយក៏បន្តទៅយកបក្ខពួកម្នាក់ទៀត រួចបាននាំគ្នាគប់រថយន្តផ្សេងមួយគ្រឿងទៀត បង្កឱ្យខូចខាត ។ ដោយសារមានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញាជនសង្ស័យ បានឃាត់ខ្លួនបាន តែម្តង ។ នាពេលនេះសមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖