ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖​ ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជទាន សៀវភៅ ១ក្បាល និងកាក់ចំនួន ១ ដែលមានព្រះបរមរូប ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ …!!

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម។

នៅក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ខ្ញុំម្ចាស់ នូវសៀវភៅ ១ក្បាល ដែលមានចំណងជើងថា WITNESS TO HISTORY THE JOURNAL OF CAMBODIA’S QUEEN MOTHER និងកាក់ ១ មានព្រះបរមរូប ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំម្ចាស់ ពិតជាមានកិត្តិយសធំធេងណាស់ ដែលបានទទួលសៀវភៅជាព្រះរាជនិពន្ធផ្ទាល់ព្រះហស្តសម្ដេចព្រះវររាជមាតាជាតិខ្មែរ និងជាសៀវភៅដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កូន ចៅ ចៅទួត និងគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ ទទួលបាននូវពុទ្ធិជ្រៅជ្រះពីប្រវត្តិដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃហ្លួងម៉ែជាអម្ចាស់ ក្នុងព្រះរាជកិច្ចយាងដង្ហែ ព្រះករុណា សម្ដេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ឆ្លងកាត់ការលំបាករាប់មិនអស់ ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងស្វាហាប់ ដើម្បីប្រជានុរាស្ត្រនិងមាតុភូមិកម្ពុជា។

ខ្ញុំម្ចាស់ ក្នុងនាមកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ៕

ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖

 


ចែករំលែក៖