ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ អញ្ជើញពិនិត្យតំបន់បិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្តភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី

ចែករំលែក៖

ខេត្តតាកែវ៖ យោងតាមផេកហ្វេសប៊ុករបស់រដ្ធបាលខេត្តតាកែវបានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោក អភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញពិនិត្យតំបន់បិទខ្ទប់ ផ្នែកខ្លះនៃភូមិសាស្រ្តភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

   លោក អ៊ូច ភា អភិបាលខេត្តបានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះសូមបងប្អូនប្រជាពលរដ្ឋអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិឹងសាប៊ូ អាល់កុល និងត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នាពេលចេញទៅក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ីដែលនាំឱ្យមានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩នៅក្នុងសហគមន៍របស់ខ្លួនឡើយ។

  ក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ និងត្រូវធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ជាមួយ រាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការ ចូលរួមអនុវត្តពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ជំងឺកូវីដ-១៩បានឡើយ។

   ដោយឡែកតាមការបញ្ជាក់ពីលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី បានឱ្យដឹងថា នៅភូមិអង្គរ ឃុំព្រែកផ្ទោលដែល រដ្ឋបាលខេត្តសម្រេចបិទខ្ទប់នេះ គឺបានរកឃើញមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៧នាក់ បន្ទាប់ពីបានយកសំណាកពលរដ្ឋចំនួន៦៣នាក់រួចមក៕

ដោយ ៖ អរុណរះ


ចែករំលែក៖