ប្រទេសម្ចាស់ផ្ទះជប៉ុនបានឡើងឈរលេខ១បណ្តោះអាសន្នក្នុងតារាងមេដាយឡើងវិញ គិតត្រឹមព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១០មេដាយ, មេដាយប្រាក់៣, សំរិទ្ធិ៥ សរុប១៨គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអូឡាំពិក (Olympic.com), BBC Sport និង MARCA ។
ជាមួយគ្នានោះសហរដ្ឋអាមេរិកបានរំកិលឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងនាមប្រទេសរកមេដាយបានច្រើនគឺទទួលបានមេដាយមាស៩, ប្រាក់៧ និងសំរិទ្ធិ៨។ ចំណែកសាធារណរដ្ឋប្រជាមានិតចិនឈរចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយមាស៩, ប្រាក់៥ និងសំរិទ្ធិ៧ ខណៈដែលរុស្ស៊ីឈរចំណាត់ថ្នាក់លេខ៤ទទួលបានមេដាយមាស៧, ប្រាក់៧ និងសំរិទ្ធិ៤។
ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ គឺប្រទេសមកពីតំបន់អាស៊ានចំនួន៣ប្រទេសប៉ុណ្ណោះ ដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសថៃដណ្តើមបានមេដាយមាសលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វុីលីពីនដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់១គ្រឿង និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធិ១ ៕
ដោយ៖ ភារៈ (រូបភាព ៖ MARCA)