ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ ក.ប.ប. ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ នៅស្រុកឈូក ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ ក្រោយពីទទួលបាននូវព័ត៌មានស្ដីពីហេតុករណីពុលស្រាដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតបន្តបន្ទាប់រហូតដល់០៤នាក់ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យ និងស្វែងរកសំណាកដែលនៅសេសសល់មកវិភាគរកមូលហេតុដែលបណ្ដាលឱ្យពុល។ 

ជាក់ស្ដែង​ក្នុង​ការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមសម្របសម្រួលឡើងដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប.។ 

សូមជម្រាបថា​ អគ្គនាយកដ្ឋានក.ប.ប. កន្លងទៅ​ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ចៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត។

ដូច្នេះ​បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសុខភាពនិងអាយុជីវិតរបស់បងប្អូន សូមប្រុងប្រយ័ត្ន និងសូមកុំជាវស្រាស ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ យកមកប្រើប្រាស់ ឬបរិភោគជាដាច់ខាត៕

ដោយ​៖សហការី​


ចែករំលែក៖