ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមេខ្យល់ ២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ពីថៃមកកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់២នាក់ដែលមានឈ្មោះ ឡូញ លេម ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែតនិង ឈ្មោះ សែន សំនាងហៅកែ ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១  នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុង ភូមិសាស្ត្រក្រុងប៉ោយប៉ែត ។

ក្រោយឃាត់ខ្លួនបានសមត្ថកិចការពារព្រំដែនបានប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រួចនគរបាលក្រុងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា មេខ្យល់ទាំង២នាក់ ត្រូវបានអ្នកលក់ដូរនៅផ្សាររុងគ្លឿ ឆាតតាមទូរស័ព្ទទាក់ទងឲ្យពួកគេជួយឃ្លាំចាំមើលផ្លូវសមត្ថកិច្ច ព្រោះអ្នកលក់ដូរចង់នាំកូនរបស់គាត់៣នាក់ /ស្រី២នាក់ ឲ្យឆ្លងដែនមកខ្មែរវិញ ។ តាមការសន្យាបើធ្វើបានសម្រេចអ្នកទាំង២ទទួលកំរៃជើងសារម្នាក់២០០បាតទៅ៣០០បាតប្រាក់ថៃ ។

ប៉ុន្តែគម្រោងការនេះជិតបានសម្រេចហើយ ពេលនាំកូនទាំង៣នាក់ទៅផ្សាររុងក្លឿ ឃុំប៉ារ៉ៃស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវប្រទេសថៃ មកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីត្រឡប់មកដីខ្មែរវិញ ក៏ត្រូវនគរបាលព្រំដែនគោក វរសេនាតូចលេខ៩១១ ប្រចាំការតាមមាត់អូរព្រំដែនឃាត់ខ្លួនប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់តែម្តង៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖