ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៨នាក់ ជាសះស្បើយ ចំនួន៧១នាក់ និងស្លាប់ចំនួន ៣នាក់ នៅថ្ងៃទី២៧ ខែកក្កដា!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧១នាក់ និងស្លាប់ចំនួន៣នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៦ ដល់ទី១៨ គឺជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី១៩ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញពីមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ក្នុងនោះ ករណីទី២៣ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង ករណីទី២៤ ដល់ទី២៧ គឺជាករណីមានប្រភពចម្លងពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ និងករណីទី២៨ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបាត់ដំបង។ 

ជាមួយគ្នានេះ ករណីទី២៩ ដល់ទី៣៤ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៣៥ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

អ្នកជាសះស្បើយទាំង៧១នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

នៅថ្ងៃនេះដែរ មានករណីស្លាប់ចំនួន៣ករណី ដូចមានរាយនាមខាងក្រោម៖

១-  ឈ្មោះ ប៊ុន លីម៉េង ភេទប្រុស អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២-  ឈ្មោះ ឆែម ធៀន ភេទស្រី អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិទំរឹង ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

៣-  ឈ្មោះ ម៉ម ម៉េត ភេទប្រុស អាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមកែតម្រូវអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤០២០នាក់ បានព្យាបាលជាសះស្បើយចំនួន២០៩៥នាក់ ស្លាប់៤៥នាក់ និង១៨៨០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ​៖សហការី​


ចែករំលែក៖