ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ព្រមានអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់វ៉ាក់សាំង ជូនកុមារ មិនអនុញ្ញាតឱ្យ យកលុយ ជាថ្នូរនៃការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារនោះទេ បើមានករណីនេះនិងមានបញ្ហាធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធក្នុងការចែកប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ ។ បើមានករណីបែបនេះ នឹងមានបញ្ហាប្រឈមជាមួយ នឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺ រដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគ យល់ ជាដាច់ខាត។

     លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នៅព្រឹកថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩  ដល់កុមារនិងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម ១៨ ឆ្នាំ នៅរាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់យកលុយជាថ្នូរនៃការចេញប័ណចាក់សាំង ជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ ។ បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត ។ដូច្នេះលោកស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនៃការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។

      លោកឃួង ស្រេង ក៏បានស្នើរដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានម៉ត់ចត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ពិសេស វីរុសបម្លែង ថ្មី (ដែលតា )ដែលបាននឹងកំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយបាននឹងកំពុងប្រឈមនឹងវីរុសថ្មីនេះផងដែរ។ ជាងនេះទៀត ត្រូវបន្តពង្រឹងអោយបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវា ការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ៕

ដោយ ៖ សំរិត


ចែករំលែក៖