ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បុកគូទរថយន្ត Hillux Revo ពេញទំហឹងបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងជាន់ហ្វ្រ័ងមិនស៊ីបានជ្រុលទៅបុកគូទរថយន្តToyota Hillux Revo ពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំង២គ្រឿង តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃេីញបុរសម្នាក់បើកបររថយន្តក្រឡុកស៊ីម៉ងត៍ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1048 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជាន់ហ្វ្រ័ងមិនស៊ីជ្រុលទៅបុករថយន្តម៉ាក Toyota Hillux Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-8525 ពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាកToyota Hillux Revo រងការខូចខាតក្រពិឹតគូទក្រោយយ៉ាងដំណំ រីឯរថយន្តក្រឡុកស៊ីម៉ងត៍ម៉ាក Hyundai វិញរងការខូចខាតត្រង់កាងខាងមុខបន្តិចបន្តួចប៉ុណ្ណោះតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងបាញ់ថ្នាំហើយឱ្យអ្នកបើករថយន្តទាំង២គ្រឿងបើកយកមកចតអែបកៀនខាងសិន រួចឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ជាអ្នកបង្កយល់ព្រមសងសំណងទៅខាងភាគីម្ចាស់រថយន្តម៉ាក Toyota Hillux Revo រងគ្រោះចំនួន១២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

ដោយ៖ភារ៉ា ដង្កោ

 


ចែករំលែក៖