ខេត្តកណ្ដាល: បុរសជាបុគ្គលិកឥណទានម្នាក់ ខណៈកំពុងជិះម៉ូតូបណ្ដើរនិយាយទូរស័ព្ទបណ្ដើរ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូតាមពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃនិងយកមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះបន្ថែមទៀត រួចព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការពួនស្ទាក់ឃាត់ខ្លួនបាន៣នាក់ជាបន្តបន្ទាប់គ្នាតែម្ដង។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្រ្តីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះខុន ចាន្នី ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្តកណ្ដាល មុខរបរមន្រ្ដីឥណទាន។ ចំណែកជនសង្ស័យ៦នាក់ ហើយឃាត់ខ្លួនបាន៣នាក់នោះ ទី១-ឈ្មោះ សុន សុភា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ អុី ម៉ាប់ ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ មាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងទី៣-ឈ្មោះ មុត វិរ: ហៅ បារាំង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។រីឯជនសង្ស័យ៣នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកវត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HP-7981 រីឯសម្ភារបាត់បង់មានទូរស័ព្ទ០១គ្រឿង ម៉ាក Huawei P30 bro ពណ៌ទឹកសមុទ្រ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងតាមផ្លូវជាតិលេខ២ដោយជិះពីទិសខាងត្បូងទៅទិសខាងជើង ពេលនោះជនរងគ្រោះបានយកទូរស័ព្ទមកនិយាយបណ្ដើរជិះម៉ូតូបណ្ដើរ ស្របពេលនោះស្រាប់តែមានក្រុមជនសង្ស័យទាំង៦នាក់ខាងលើ ជិះម៉ូតូ៣គ្រឿងតាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួន ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាម ក៏ត្រូវជនសង្ស័យម្នាក់ជិះម៉ូតូយកមួកការពារសុវត្ថិភាពគប់ជនរងគ្រោះបន្ថែមទៀតផងដែរ។ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់ប្រជាការពារភូមិនិងកម្លាំងនគរបាលប៉ុស្តិ៍សៀមរាប ហើយកម្លាំងនគរបាលប៉ុស្តិ៍បានទាក់ទងតាមវិទ្យុទាក់ទងធ្វើការពួនស្ទាក់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រមៀត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងវែងចាប់បានជនសង្ស័យ១នាក់ឈ្មោះ សុន សុភា និងម៉ូតូ១គ្រឿងម៉ាកប៊ីតពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1HP-7981 នៅចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង បញ្ជូនមកអធិការដ្ឋានដេីម្បីសាកសួរ។ លុះព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១វេលាម៉ោង ១០និង១០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងខ្យាងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតបញ្ជូនមកកាន់អធិការដ្នានស្រុកកណ្តាលស្ទឹង ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាងជ័យ