ការបាញ់ប្រហារគ្នារវាងប៉ូលិសនឹងប៉ូលិសនៅក្នុងរដ្ឋផ្សេងគ្នាក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យប៉ូលិស៥នាក់ស្លាប់ និងពលរដ្ឋម្នាក់ស្លាប់ ស្ថិតនៅក្នុងរដ្ឋ Assam ។
រដ្ឋាភិបាលឥណ្ឌា បានកោះប្រជុំជាបន្ទាន់ មន្ត្រីសន្តិសុខនៅក្នុងរដ្ឋ Assam និងរដ្ឋជិតខាង Mizoram ទៅកាន់រដ្ឋធានីញូវដេលីនាថ្ងៃទី២៨ខែកក្កដា ដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីការបាញ៉ប្រហារគ្នាឯង បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និងជាង៥០នាក់រងរបួស។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ការប៉ះទង្គិចគ្នាកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ស្ថិតនៅតំបន់ព្រំដែនរដ្ឋទាំងពីរ គឺរដ្ឋ Assam និង Mizoram ។ ប៉ូលិសរដ្ឋទាំងពីរបាននាំគ្នាទៅកាន់ព្រំដែនបាញ់ប្រហារគ្នាដូចជាការធ្វើសង្គ្រាម ។ ការបាញ់ប្រហារគ្នាបានអូសបន្លាយជាច្រើនម៉ោង បណ្តាលឲ្យប៉ូលិស៥នាក់និងពលរដ្ឋម្នាក់ស្លាប់ ក្រៅពីនេះនៅមានប៉ូលិសជាង ៥០នាក់ទៀតរងរបួស ។
ពាក់ព័ន្ធនឹងករណីខាងលើ មន្ត្រីរដ្ឋ Mizoram បានចោទប្រកាន់ ប៉ូលិសរដ្ឋ Assamចំនួន២០០នាក់ បានចូលទៅកាន់ព្រំដែនក្នុងរដ្ឋ Mizoram ហើយបានបាញ់ប្រហារបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងរងការខូចខាត។
ស្នងការប៉ូលិសរដ្ឋ Assam បានចោទប្រកាន់ប៉ូលិសរដ្ឋ Mizoram បង្កើតកុងត្រូលត្រួតពិនិត្យនៅព្រំដែន ទើបបញ្ជូនកម្លាំងប៉ូលិសទៅទីនោះដើម្បីដោះស្រាយ ទើបឈានដល់ការប្រើហិង្សាបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ៕
ដោយ៖ ធីរីណា(ប្រភព៖India today.)