ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញសារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ បន្ថែមលើវិធានការបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រគន្លឹះ និងជាខ្សែក្រវាត់ការពារសំខាន់ ជាងគេ ដើម្បីបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅការពារសុខភាពនិង អាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។

ទោះបីជាមកដល់ពេលនេះស្ថានភាពនៃជំងឺកូវីដ-១៩ ពុំទាន់ឈានដល់ការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍យ៉ាងណាក្តី ប៉ុន្តែ ការឆ្លងរាលដាលនៅមិនទាន់បានថមថយ និងនៅតែបន្តកើនឡើងក្នុងកម្រិត មួយសកម្ម ដែលជាបញ្ហាប្រឈមដ៏គួរឱ្យបារម្ភ។ ទន្ទឹមនេះ ព្រះរាជាណាចក្រកម្ពុជាក៏បានរកឃើញជាបន្តបន្ទាប់ នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលជាករណីនាំចូលតាមរយៈអ្នកដំណើរពីក្រៅប្រទេស ជាពិសេស អ្នកដំណើរមកពីប្រទេសថៃតាមព្រំដែនគោក។ ក្នុងរយៈពេលចុងក្រោយនេះ ការរកឃើញក្នុង ចំនួនកាន់តែច្រើនឡើងនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករខ្មែរដែលវិលត្រឡប់មកពី ប្រទេសថៃ តាមព្រំដែនគោក គឺជាកង្វល់ដ៏ធំ និងជាការគំរាមកំហែងជាប់ជាប្រចាំដល់ព្រះរាជាណាចក្រកម្ពុជា ដោយសារមេរោគប្រភេទថ្មីនេះ មានកម្រិតនៃការឆ្លងរាលដាលលឿន និងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមុន ហើយហានិភ័យបានឈានដល់កម្រិតខ្ពស់គួរឱ្យបារម្ភ ជាមួយនឹងការរកឃើញមេរោគប្រភេទថ្មីនេះជាលើកដំបូង ក្នុងសហគមន៍ ជាពិសេស នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ព្រមទាំងខេត្តសៀមរាប និងខេត្តកំពង់ធំ។

ចំពោះមុខស្ថានភាពដែលកំពុងវិវត្តយ៉ាងលឿនគួរឱ្យបារម្ភនេះ និងក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ពុំទាន់សម្រេចបានដោយជោគជ័យក្នុងការបង្កើតឱ្យមានពេញលេញនូវ “ភាពស៊ាំក្នុងសហគមន៍ សម្រាប់ ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយសារយុទ្ធនាការជាតិចាក់វ៉ាក់សាំងពុំទាន់ត្រូវបានបញ្ចប់នៅឡើយ, វិធានការបង្ការ និងទប់ស្កាត់ ត្រូវបានចាត់ទុកជាវិធានការអាទិភាព និងជាគន្លឹះដ៏សំខាន់ ក្នុងការកាត់បន្ថយ អត្រានៃការឆ្លងរាលដាល ព្រមទាំងអត្រាមរណភាពដែលបណ្ដាលមកពីជំងឺនេះ ក៏ដូចជាក្នុងការទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺនេះ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ក្នុងសហគមន៍។ ជាការពិត ការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រជាពលរដ្ឋគ្រប់ៗរូប, គ្រួសារនីមួយៗ, សហគមន៍ និងពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ក្នុងការ អនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានត្រឹមត្រូវ ដើម្បីការពារខ្លួនពីជំងឺនេះ គឺជាកត្តាសំខាន់ជាងគ ក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ កន្លងមក ក្រសួងសុខាភិបាលបានធ្វើ ការផ្សព្វផ្សាយ ក៏ដូចជាអប់រំពន្យល់ និងណែនាំយ៉ាងទូលំទូលាយច្រើនលើកច្រើនសា ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃជំងឺនេះចំពោះអាយុជីវិតប្រជាជន និងប្រទេសជាតិ ព្រមទាំងអំពីវិធី ការពារខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបង្ការពីការឆ្លងនៃជំងឺនេះ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋមួយចំនួននៅតែ មានការធ្វេសប្រហែស មិនបានអនុវត្តឱ្យខ្ជាប់ខ្ជួន និងឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅឡើយ។

សូមអាននូវរាជរដ្ឋាភិបាលចេញសារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ! ទាំងស្រុងដូចខាងក្រោម ៕


ដោយ ៖ សិលា


ចែករំលែក៖