ខេត្តបាត់ដំបង៖ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម នៃសំណុំរឿងចំនួន១០៩១ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះនៅទីលានបាល់ទាត់ ស្ថិតភូមិរំចេក សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ដោយមានការអញ្ជើញជាគណៈអធិបតីពីលោក ងួន រតនៈ អភិបាល និងប្រធាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង និងលោក នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីស្ថាប័នតុលាការ និងប្រធាន -តំណាងលេខាធិការដ្ឋានកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំង៦ ផងដែរ។
ក្នុងឱកាសនោះ លោក កែវ សុជាតិ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានជម្រាបជូនអង្គពិធីទាំងមូលថា គ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៦ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តប៉ៃលិន។
លោក កែវ សុជាតិ បានបញ្ជាក់ថាការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី២៩ ខែកក្កដា នេះដោយសារជួបបញ្ហាជំងឺកូវីដ-១៩។
លោក កែវ សុជាតិ បានបន្ថែមថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះប្រសិនបើសមត្ថកិច្ចយើងបង្រ្កាបមិនទាន់ពេលវេលាទេវានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់បណ្តាលឱ្យខូចសុខភាពនិងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ បង្កភាពអសន្តិសុខក្នុងសហគមន៍។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ដើម្បីត្រៀមកម្ទេចចោលនាពេលខាងមុខជាបន្តទៀត ៕
ដោយ៖ប្រាថ្នា