ព័ត៌មានទាន់ហេតុការណ៍៖

បារាំងរិះគន់យ៉ាងខ្លាំងដល់អង់គ្លេសដែលរើសអើងអ្នកទេសចរបារាំងបង្ខំឲ្យធ្វើចត្តាឡីស័កទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី

ចែករំលែក៖

តំណាងរដ្ឋាភិបាលបារាំង កាលពីថ្ងៃទី២៩ខែកក្កដា បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអង់គ្លេសដែលបានរើសអើងជនជាតិបារាំង ក្រោយពេលអង់គ្លេសលុបចោលការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពីប្រទេសតំបន់អឺរ៉ុប ។ ប៉ុន្តែអ្នកទេសចរបារាំងវិញពេលទៅអង់គ្លេសគឺត្រូវធ្វើចត្តាឡីស័កបើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ក្តី។
តាមការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃទី២៨ខែកក្កដា ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២ខែសីហា ដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ពីរដូស មកពីប្រទេសអាមេរិក និងសហគមន៍អឺរុប លើកលែងការធ្វើចត្តាឡីស័ក ។ ដោយឡែកអ្នកទេសចរមកពីប្រទេសបារាំងគឺត្រូវតែធ្វើចត្តាឡីស័កបើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើកក្តី ។ អ្នកទេសចរបារាំងគឺត្រូវតែធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃពេលចូលទឹកដីអង់គ្លេស។ ភាគីអង់គ្លេសបានលើកឡើងថា ការធ្វើចត្តាឡីស័កចំពោះជនជាតិបារាំងគឺជារៀងចាំបាច់បំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងខ្លួនថ្មី Beta មានប្រភពមកពីអាហ្វ្រិកខាងត្បូង ដែលកំពុងតែឆ្លងនៅក្នុងប្រទេសបារាំង។
កន្លងមក រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់បារាំង លោក Clément Beaune បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់រដ្ឋាភិបាលអង់គ្លេសដែលបានរើសអើងជនជាតិបារាំង ។

ការបង្ខំឲ្យពលរដ្ឋបារាំងធ្វើចត្តាឡីស័កគឺមិនសមហេតុសមផលឡើយ។
លោក Clément Beaune បានលើកឡើងថា «ទាំងនោះជាសកម្មភាពហួសហេតុ។ បារាំងធ្លាប់បានឆ្លងកាត់ដំណាក់កាលអាក្រក់បំផុតនៃការឆ្លងរាលដាលកូវីដ-១៩ ហើយយើងបានយល់ពីហេតុការណ៍ទាំងនោះ ពេលប្រទេសជិតខាងបានអនុវត្តការរិឹតត្បិត។ ប៉ុន្តែលើកនេះគឺជារៀងមិនអាចទទួលបាន ពេលអង់គ្លេសលើកលែងការធ្វើចត្តាឡីស័កចំពោះប្រទេសផ្សេងទៀតនៅអឺរ៉ុប តែពលរដ្ឋបារាំងគឺត្រូវតែធ្វើចត្តាឡីស័ក»៕

ដោយ៖ធីរីណា(រូបថត៖Le Parisien)


ចែករំលែក៖