អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅព្រឹកថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19ថ្មីៗ រហូតដល់ទៅចំនួន ១៧,៣៤៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងអ្នកជំងឺចំនួន ១១៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។
បើតាមក្រសួងសុខាភិបាលថៃ ក៏បានបញ្ជាក់បន្ថែមថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៦៦៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៨១ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១០,៦៧៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា ប្រទេសថៃ គិតរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៧៨,៣៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៧៩នាក់ និងអ្នកជាសះស្បើយ ៣៨១,១៧០នាក់។
ជាមួយគ្នានេះ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសថៃ បានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
ដោយ៖ស តារា