ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តភូកេតត្រូវកាត់ផ្តាច់ទាំងអស់ជាមួយបណ្តាខេត្តក្រុងនានា ក្រោយរយៈពេល៣០ថ្ងៃបើកទ្វារសាកល្បង

ចែករំលែក៖

កាលពីដើមខែកក្កដា រដ្ឋាភិបាលថៃ បានបើកសាកល្បងវិស័យទេសចរណ៍នៅកោះភូកេត ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សំាងរួចរាល់ទៅកម្សាន្តនៅភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ ប៉ុន្តែនៅថ្ងៃទី៣០ ខែកក្កដា កោះភូកេតត្រូវបានកាត់ផ្តាច់ទាំងស្រុងជាមួយពិភពខាងក្រៅ
តាមកម្មវិធីអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ប៉ុន្តែបើចង់ទៅកាន់តំបន់ផ្សេងទៀតចាំបាច់ត្រូវតែស្នាក់នៅភូកេត១៤ថ្ងៃទើបអនុញ្ញាតឲ្យទៅកាន់ខេត្តក្រុងផ្សេងទៀតរបស់ថៃ។ អ្នកទេសចរគឺត្រូវតែធ្វើតេស្តអវិជ្ជមានទើបអាចទៅកាន់តំបន់ផ្សេងបាន ។ ប៉ុន្តែចាប់ពីថ្ងៃទី៣ខែសីហាទៅ ពលរដ្ឋនៅតាមបណ្តាខេត្តមិនអនុញ្ញាតឲ្យទៅកាន់កោះភូកេតនោះឡើយ។ ចំណែកអ្នកនៅភូកេតក៏មិនឲ្យចេញពីកោះនោះដែរ គឺកាត់ផ្តាច់ទាំងស្រុងតែម្តង ។ ដោយឡែកអ្នកទេសចរបរទេសមិនរងផលប៉ះពាល់ច្រើនឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Tanee Sangrat បានឱ្យដឹងថា អ្នកទេសចរបរទេសដែលបានទៅភូកេតគ្រប់១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមានទើបអនុញ្ញាតឲ្យទៅតំបន់ផ្សេង រួចវិលត្រឡប់មកកាន់ភូកេតវិញមុនពេលទៅស្រុក។ អគ្គនាយកគ្រប់គ្រងជំងឺឆ្លង DDC លោក Kajornsak Kaewjaras បានឱ្យដឹងថា រដ្ឋាភិបាលនឹងតាមដាន ស្ថានភាពនៅភូកេត ថាតើគួរបន្តបើកទ្វារទទួលទេសចរទៀតឬក៏ត្រូវបិទវិញ?
ជាមួយគ្នានេះដែរនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងពាក់ព័ន្ធនឹងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសរបស់លោក ដោយអះអាងថា ប្រទេសដទៃៗទៀតលើពិភពលោកកំពុងប្រឈមនឹងការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។
ក្នុងបទសម្ភាសន៍ពិសេសមួយនៅវិមានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានលើកឡើងដូច្នេះថា «ប្រសិនបើនិយាយពីការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសយើង មើលទៅវាហាក់គួរឱ្យតក់ស្លុតខ្លាំងណាស់ ក៏ប៉ុន្តែខ្ញុំឲ្យចង់ឱ្យអ្នកទាំងអស់គ្នាព្យាយាមផ្តោតមើលតួលេខករណីឆ្លងនិងស្លាប់ដោយសារជំងឺនេះនៅតាមប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃផ្សេងទៀតនៅជុំវិញពិភពលោកផង»។
នៅថ្ងៃសុក្រនេះ ថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗចំនួន ១៧,៣៤៥នាក់ និងស្លាប់១១៧នាក់ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៥៧៨,៣៧៥នាក់ និងស្លាប់៤,៦៧៩នាក់៕

ដោយ៖ ធីរីណា(រូបថត៖ AP News.+Reuters )


ចែករំលែក៖