ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តយ៉ាងលឿនហើយរេចង្កូតជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកកនិងរទេះលក់ទឹកអំពៅដែលឈប់នៅប្របចិញ្ចើមផ្លូវ រួចហើយព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១និង៥០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នៅចំណុចក្បែរទីស្នាក់ការសង្កាត់ទួលសង្កែទី២ តាមបណ្ដោយផ្លូវលេខ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-2600 តាមបណ្ដោយផ្លូវលេខ៩២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ។ ខណៈបើកមកដល់ចំណុចកើតហេតុរថយន្តនោះបានរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកទឹកកកមួយគ្រឿងដែលឈប់ចតនៅប្របចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករទេះលក់ទឹកអំពៅមួយគ្រឿងទៀត ខ្ទាតអំពៅរាយប៉ាយពេញផ្លូវ ។ ចំណែករថយន្តបង្កហេតុមិនបានឈប់នោះទេ គឺបានបន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុទៅជួបគោលដៅរបស់គណ:បញ្ជាការឯកភាពសង្កាត់ទួលសង្កែទី២ ដែលកំពុងអនុវត្តបម្រាមគោចរស្ទាក់ឃាត់បានតែម្ដង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទៅជួបចរចាគ្នាជាមួយម្ចាស់រថយន្តបង្កហេតុ ហើយដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្តបង្កព្រមយកម៉ូតូសណ្តោងរ៉ឺម៉ក និងរទេះលក់ទឹកអំពៅទៅជួសជុលឲ្យដើម្បីបញ្ចប់រឿង ៕
ដោយ៖ជ្រោយពេជ្រ