ព័ត៌មានទាន់ហេតុការណ៍៖

«ប្រែក្លាយជាហ៊ីត្លែរ » ប្រធានាធិបតីបារាំងប្តឹងម្ចាស់ស្លាកពាណិជ្ជកម្ម

ចែករំលែក៖

លោក Michel Ange Flori ម្ចាស់ក្រុមហ៊ុនធ្វើស្លាកពាណិជ្ជកម្ម នៅប្រទេសបារាំង បានសម្រេចដាក់រូបភាពពាណិជ្ជកម្មនៅទីក្រុង ជារូបត្លុកនយោបាយ គឺបានដាក់រូបប្រធានាធិបតីម៉ាក្រុងក្នុងទម្រង់ជារូបភាពរបស់ ហ៊ីត្លែរ ។
មេធាវីផ្ទាល់ខ្លួន និងគណបក្សរបស់ប្រធានាធិបតីម៉ាក្រុង កំពុងតែរៀបចំពាក្យបណ្តឹងប្តឹងម្ចាស់ពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយរូបភាពប្រែក្លាយប្រធានាធិបតីម៉ាក្រុងទៅជាហ៊ីត្លែរ។ ទាំងនោះត្រូវបានគេមើលឃើញថាជាការសាកល្បងពីរបៀបដែលបារាំងគូសបន្ទាត់រវាងការបញ្ចេញមតិដោយសេរី នឹងសកម្មភាពផ្តាច់ការ។
រឿងរ៉ាវខាងលើធ្វើឲ្យគេនឹកឃើញដល់ទស្សនាវដ្តីត្លុក Charlie Hebdo ដែលបានផ្សព្វផ្សាយរូបត្លុករបស់ព្រះ Mohammad នៅឆ្នាំ២០០៦ បង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីក្រុមអ្នកកាន់សាសនាអ៊ិស្លាម ។ ក្រុមមន្ត្រីបារាំងនិងពលរដ្ឋបារាំងដែលមិនកាន់សាសនាអ៊ិស្លាមបានចាត់ទុកថានោះជាសេរីភាពក្នុងការបញ្ចេញមតិ។
ប្រធានាធិបតីម៉ាក្រុង ធ្លាប់បានលើកកាលពីថ្ងៃទី២១ខែតុលាថា «យើងនឹងមិនបោះបង់រូបត្លុកនោះឡើយ បើទោះបីអ្នកផ្សេងមិនចូលចិត្តក្តី »។
លោក Michel Ange Flori បានផ្សាយរូបភាពប្រធានាធិបតីម៉ាក្រុងនៅលើស្លាកបដាពាណិជ្ជកម្ម ដោយរូបលោកម៉ាក្រុងប្រែក្លាយទៅជាហ៊ីត្លែរ ជាការបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់សភាបារាំង ដែលបានអនុវត្តច្បាប់ ហាមប្រាមពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងទៅកាន់ទីសាធារណៈ ទីប្រជុំជន ដូចជាភោជនីយដ្ឋាន ក្លិបកម្សាន្ត រោងភាពយន្ត…។ ច្បាប់ហាមប្រាមនោះទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋបារាំងដែលមិនទាន់ចាក់វ៉ាក់សំាង ដោយចាត់ទុកថានោះជាការរើសអើង៕

ដោយ៖ ធីរីណា(រូបថត៖reuters)


ចែករំលែក៖