ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីក៏មេប៉ុស្តិ៍ស្ពានថ្ម ខណ្ឌដង្កោមានសិទ្ធិ ឱ្យម្ចាស់ទីតាំងបើកបនល្បែងស៊ីខុសច្បាប់ ធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញដោយគ្មានការឯកភាពពីតំណាងអយ្យការ?

ចែករំលែក៖

ភ្នំពេញ៖កាលពីម្សិលមិញ មេប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យម្ចាស់ទីតាំងបើកបនល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍ តាមអនឡាញ ដែលចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនបានហើយ បែរជាឲ្យធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណុចនេះត្រូវបានគេមានចម្ងល់ថា ហេតុអ្វីក្នុងបទល្មើសព្រហ្មទណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិធ្វើកិច្ចសន្យាឲ្យជនសង្ស័យជាម្ចាស់ទីតាំងបើកបនល្បែងស៊ីសងឲ្យត្រឡប់ទៅផ្ទះវិញ ដោយគ្មានការឯកភាពពីតំណាងអយ្យការ? ឬមួយករណីនេះមានការស្នើសុំយោបល់ពីតំណាងអយ្យការ រួចគាត់ឯកភាព ទើបមិនធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិបញ្ជូនសំណុំរឿង និងជនសង្ស័យទៅតំណាងអយ្យការចាត់ការបន្ត ?
សូមជម្រាបជូនថា, ទីតាំងលេងល្បែងបញ្ជល់មាន់តាមonline មួយកន្លែងក្នុងខណ្ឌដង្កោ​ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងដកហូតសម្ភារមួយចំនួន។ គឺខាង
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្មសហការជាមួយកម្លាំងប្រជាការពារសាលាសង្កាត់ស្ពានថ្ម បានចុះបិទទីតាំងដែលលួចបើកល្បែងបញ្ជល់មាន់ តាមonline ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២១​ម្សិលមុិញ ដោយចាប់យកបានសម្ភារមួយចំនួន​ជាមធ្យោបាយបម្រើអោយការបើកល្បែងសុីសងនេះតែម្តង ។
​ សមត្ថកិច្ចជំនាញបានឱ្យដឹងថា​, ក្រោយពីទទួលបានព័ត៌មានភ្លាមៗ​ លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ​ បានបញ្ជាឱ្យលោកវរសេនីយ៍ត្រី ឈឹម រ៉ា មេប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ដឹកនាំកម្លាំងមូលដ្ឋានដោយសហការជាមួយលោកចៅសង្កាត់ស្ពានថ្ម រួមនិងកម្លាំងប្រជាការពារ ចុះបិទទីតាំងខាងលេី​។ នៅពេលចុះទៅបិទទីតាំងនោះកម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួននិងនាំខ្លួនម្ចាស់ទីតាំង គ្រាន់តែយកទៅជ្វើការអប់រំ ណែនាំ ឱ្យឈប់បើកលេងល្បែងស៊ីសងតាមអនឡាញយ៉ាងអនាធិបតេយ្យទៀត ដែលការណែនាំ ធ្វើកិច្ចសន្យានេះ បានផ្ទុយពីភារកិច្ច តួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ខណៈជាសមត្ថកិច្ចរបស់តំណាងអយ្យការ ព្រោះជាបទល្មើសព្រហ្មទណ្ឌ ។
​ ក្នុងប្រតិបត្តិការខាងលេី​ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ទូរទស្សន៍,បើកអនឡាញភ្នាល់ជល់មាន់ , តុ, កៅអី , និងសម្ភារ:មួយចំនួនទៀតបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ដេីម្បីរក្សាទុក​ រួចសមត្ថកិច្ចក៏ឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។
ពាក់ព័ន្ធក្នុងករណីនេះ លោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទកាលពីម្សិលមុិញថា, ក្រោយយើងចុះទៅជាក់ស្តែងអត់ឃើញមានលេងអីទេ ចឹងគណៈបញ្ជាការឯកភាពរបស់សង្កាត់គាត់ចុះទៅជាមួយប៉ុស្តិ៍រដ្ឋបាលនោះ ដោយសារគាត់បានមើលកាសែតចុះថាកន្លែងហ្នឹងលេង ដល់ទៅមើលវាអត់លេង គឺចៅសង្កាត់ក្នុងនាមគណៈបញ្ជាការឯកភាពសង្កាត់ គាត់អោយធ្វើកិច្ចសន្យាមិនអោយមាន តាមវីដេអូស្អីគេនោះ វាចំពោះអាប៉ោង ចំពោះស្អីហ្នឹងវាអត់មានទេ ខុសពីសារព័ត៌មានចុះ វាអត់មានទេអាប៉ោងអីនោះ។
ទោះជាមានការបកស្រាយពីលោកអធិការដូចខាងលើនេះក៏ដោយ ប៉ុន្តែបើយោងតាមកិច្ចសន្យា ដែលម្ចាស់ទីតាំងធ្វើកំណត់ហេតុជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម បានបញ្ជាក់ឲ្យឃើញថាមានបទល្មើសព្រហ្មទណ្ឌរួចអស់ហើយ។ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ គ្មានសិទ្ធិធ្វើកិច្ចសន្យា ដើម្បីដោះលែងជនសង្ស័យ អោយម្ចាស់ទីតាំងបើកបនល្បែងស៊ីសងនោះទៅផ្ទះវិញឡើយ។ និយាយរួមមានតែតំណាងអយ្យការ ឬមានការអនុញ្ញាតពីតំណាងអយ្យការតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា , ក្នុងកិច្ចសន្យាចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នោះបានសរសេរថា, ខ្ញុំបាទឈ្មោះ លី វុទ្ធី អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោកឪឡឹក សង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ។ ពីបទ: បើកល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍ តាមអនឡាញ នៅចំណុចភូមិគោកឪឡឹក សង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ។
– ខ្លួនឈប់ប្រព្រឹត្តិនូវអំពើអ្វីដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់មនុស្សទូទៅ ។ ដោយម្ចាស់ទីតាំងបើកបនល្បែងបានបញ្ជាក់ថា, ខ្ញុំបាទឈប់បើកល្បែងស៊ីសងតាមទូរទស្សន៍អនឡាញជល់មាន់ និងប្រមូលផ្ដុំគៀងគរ គ្នាលេងល្បែងស៊ីសងបន្តទៀតឡើយ។ ខ្ញុំឈប់ធ្វើសកម្មភាពដែល បានប៉ះពាល់ដល់សង្គមនិងមិនឲ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយ។ ខ្ញុំបាទសូមគោរពតាមកិច្ចសន្យាមិនអោយមានលើកទី២ និងគោរពតាមគោលនយោបាយភូមិ -ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច។
ជុំវិញបញ្ហាទាំងអស់នេះគេអាចយល់ឃើញថា, ការសម្រេចដោយមន្ត្រីនគរបាលយុត្តិធម៌ ឱ្យម្ចាស់ទីតាំងត្រឡប់ទៅវិញក្នុងនាមប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយធ្វើកិច្ចសន្យារលត់បណ្ដឹងអាជ្ញា ជាអំពើខុសច្បាប់ រឿងនេះអាចតំណាងអយ្យការមិនដឹង, ហើយបើដឹងគួរតែសិក្សាឡើងវិញចំពោះនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ធ្វើបែបនេះ? ។

សូមបញ្ជាក់ថា, ក្នុងថ្ងៃតែមួយ អាជ្ញាធរ​ខណ្ឌដូនពេញ​ បានចុះបង្ក្រាបទីតាំងល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំង១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
​ការចុះបង្ក្រាបនោះ​បានចាប់យកវត្ថុតាងរួមមាន៖​ ទូរទស្សន៍ចំនួន០៣គ្រឿង កុំព្យូទ័រ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់ស្រី០៣នាក់ បញ្ជូនទៅអធិការនគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាតែម្តង។
ដូច្នេះករណីពីរនេះដូចគ្នា, នៅខណ្ឌដង្កោធ្វើកិច្ចសន្យាដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ, ដោយឡែកនៅខណ្ឌដូនពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការព្រោះជាបទល្មើសព្រហ្មទណ្ឌ។
អាជ្ញាធរនិងសមត្ថកិច្ចគួរតែដឹងរួចហើយ ! ការបើកបនល្បែងស៊ីសងគឺជាអំពើខុសច្បាប់ និងជាបទល្មើសព្រហ្មទណ្ឌ ប្រភពនៃការបង្កើតឲ្យមានបទល្មើសក្នុងមូលដ្ឋាន , ម្យ៉ាងវិញទៀត ពួកគេមានកំហុសព្រហ្មទណ្ឌបន្ថែមទៀត ត្រង់ថាមិនបានអនុវត្តតាមវិធានសុខាភិបាល, ប្រមូលផ្ដុំគ្នាមានមនុស្សច្រើន , មិនគោរពការគម្លាតសុវត្ថិភាពសង្គម, មិនបានពាក់ម៉ាស់ សុទ្ធតែជាប្រភពនេះការចម្លងមេរោគកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖