ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម២នាក់ ត្រូវបាននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែល ឃាត់ខ្លួនបានរួមជាមួយថ្នាំញៀន៣៦កញ្ចប់យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី នៅចំណុចរោងចិញ្ចឹមមាន់របស់ឈ្មោះ ង៉ែត សំណាង ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះង៉ែតសំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរមុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ អឿ ចាន់ដាន់ ហៅ ក្តាន់ (ក្តាភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ខាងលើនេះមានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៣៦កញ្ចប់(ធំ១កញ្ចប់តូច៣៥កញ្ចប់) និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ