ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តចាញ់បោកជនកំហូចដែលបន្លំខ្លួនធ្វើជាមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាបន្តបន្ទាប់ ព្រោះតែពួកគាត់ចង់បានប័ណ្ណបើកបរដោយមិនឆ្លងកាត់ការប្រឡងនោះ។
បើតាមប្រជាពលរដ្ឋរងការចាញ់បោកបុគ្គលប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ «ភក្ត្រា សាធារណការ និងដឹកជញ្ជូន» ដូចគ្នា បានឱ្យដឹងថា កាលពីខែមីនា ឆ្នាំ២០២១កន្លងទៅនេះ មានសេចក្តីរាយការណ៍រឿងឆបោកនេះមួយករណីពីប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។ លុះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះដែរ ក៏ទទួលបានករណីឆបោកដូចគ្នានេះមួយករណីទៀត ពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។
ពលរដ្ឋរងគ្រោះ បន្តថា បុគ្គលឆបោករូបនេះ បានអះអាងថា រូបគេអាចធ្វើប័ណ្ណបើកបររថយន្តដោយមិនចាំបាច់ឆ្លងការប្រឡងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ។ ដើម្បីទទួលបានប័ណ្ណបើកបរដោយមិនបាច់ប្រឡងនេះ គឺត្រូវចំណាយថវិកាប្រមាណ ៥០០ដុល្លារ។ វិធីនៃការឆបោកនេះ គឺជនឆបោកបានល្បួងឱ្យអ្នកចង់ធ្វើប័ណ្ណបើកបរនេះផ្ញើឯកសារពាក់ព័ន្ធ បន្ទាប់មកក៏ណែនាំឱ្យផ្ញើលុយតាមវីងជាពីរដំណាក់។
សូមជម្រាបថា ករណីទី១, ជនឆបោក បានឱ្យជនរងគ្រោះ ផ្ញើលុយទៅតាមលេខទូរស័ព្ទ 096 64 202 52។ ចំណែកករណីទី២, ជនឆបោក បានឱ្យជនរងការចាញ់បោក ផ្ញើលុយទៅតាមលេខទូរស័ព្ទ 081 336 609។ ជាក់ស្ដែងចំពោះទង្វើឆបោករបស់ជនខិលខូចរឿងធ្វើប័ណ្ណបើកបរដោយមិនបាច់ប្រឡងនេះ មិនមែនមានតែពីរករណីខាងលើនេះទេ។ ព្រោះកន្លងទៅក៏មានសេចក្តីរាយការណ៍ក្រោមរូបភាពបែបនេះជាច្រើនករណីផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្រោយពេលមកដឹកនាំក្រសួងនេះ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលុបបំបាត់ភាពស្មុគស្មាញលើសេវាធ្វើប័ណ្ណបើកបរ ក៏ដូចជាលុបបំបាត់អំពើពុករលួយលើការធ្វើប័ណ្ណបើកបរ ដែលជាបញ្ហាចាក់ស្រេះនៅក្នុងក្រសួង។ បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ធ្លាប់បានអះអាងថា មិនមានការធ្វើប័ណ្ណបើកបរណាមួយដោយគ្មានការប្រឡងនោះឡើយ។ លោកក៏ធ្លាប់បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមន្ត្រី ដែលគប់គិតប្រព្រឹត្តអំពើពុករលួយលើការធ្វើប័ណ្ណបើកបរនេះផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ធ្លាប់អះអាងកន្លងមកដែរថា ក្រសួងបានទទួលករណីបែបនេះជាច្រើនករណី ហើយកំពុងចាត់វិធានការស្វែងរកជនឆបោកនេះផងដែរ។
អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានបញ្ជាក់បន្ថែមទៀតថា៖ ជនខិលខូចនេះ តែងតែងព្យាយាមបង្កើតគណនីហ្វេសប៊ុកផ្សេងៗ ដើម្បីធ្វើសកម្មភាពឆបោក ជាហេតុនាំឱ្យពិបាកតាមរកជនឆបោកនេះមកផ្តន្ទាទោស។
មិនតែប៉ុណ្ណោះ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យគិតគូរ និងពិចារណាឱ្យច្បាស់លាស់មុនលង់ជឿលើការលួងលោមពីជនខិលខូចបែបនេះ។ លោកបានបញ្ជាក់ថា ក្រសួងមិនអនុញ្ញាឱ្យមានការធ្វើប័ណ្ណបើកបរដោយគ្មានការប្រឡងឱ្យបានត្រឹមត្រូវនោះឡើយ៕ដោយ៖សហការី