ផ្ទះអាថ៌កំបាំងរបស់មេដឹកនាំភេរវកម្ម អូស្មា ប៊ីនឡាដេនសម្រាប់លាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន បានបែកធ្លាយ ដោយសារតែខ្សែហាលខោអាវរបស់លោក ។
ក្រោមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតី អូបាម៉ា មេដឹកនាំភេរវកម្ម ប៊ីន ឡាដេន អ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម នៅអាមេរិកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ សម្លាប់មនុស្សជិត ៣.០០០នាក់ ត្រូវកម្លាំងទាហានពិសេសអាមេរិកវាយលុកចូលផ្ទះសម្លាប់នៅខែឧសភាឆ្នាំ ២០១១ ក្រោយរយៈពេល១០ឆ្នាំ គេចខ្លួនពីការតាមចាប់របស់ទាហានអាមេរិក។
សៀវភៅដែលមានចំណងជើងថា “The Rise and Fall of Osama bin Laden” (ការលេចឡើង និងការដួលរលំរបស់ អូស្មាប៊ីនឡាដេន) អ្នកឯកទេសវិភាគស្តីពីសន្តិសុខជាតិអាមេរិក លោក Peter Bergen បានឱ្យដឹងថា ខ្សែហាលខោអាវនៅលើផ្ទះដែលលោកអូស្មាប៊ីន ឡាដេន លាក់ខ្លួននៅប្រទេសប៉ាគីស្ថាន ជួយឲ្យក្រុម CIA អាមេរិករកឃើញទីតំាងលាក់ខ្លួនរបស់មេភេរវកម្ម ក្រោយការតាមរក១០ឆ្នាំ។
ប៊ីនឡាដេនល្បីល្បាញថារៀបការប្រពន្ធច្រើន ក្នុងពេលឡើងគម្រោងវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅអគារភ្លោះអាមេរិក (WTC) នាថ្ងៃទី១១ខែកញ្ញាឆ្នាំ ២០០១ លោកប៊ិីនឡាដេន មានប្រពន្ធ៣នាក់គឺទី១-ឈ្មោះKhairiah Saba អាយុ៥២ឆ្នាំ ទី២-គឺ Siham Al Sharif អាយុ៤៤ឆ្នាំ និងទី៣-គឺ Amal El Dadah អាយុ១៧ឆ្នាំ។ ជាសាសនិកអ៊ិស្លាម ប៊ីនឡាដេន អាចការប្រពន្ធបាន៤នាក់ ដោយផ្តល់ក្តីស្រឡាញ់ស្មើៗគ្នា ។
ក្រោយវាយប្រហារអាមេរិក គ្រួសារប៊ីនឡាដេនបានភៀសខ្លួនទៅគ្រប់ទីកន្លែង បញ្ចៀសពីការវាយប្រហារនិងតាមចាប់ខ្លួនពីកម្លាំងទាហានអាមេរិក ។ ប៊ីនឡាដេនត្រូវបានគេដឹងថាបានភៀសខ្លួនទៅកាន់តំបន់ភ្នំអាហ្វហ្គានីស្ថាន និងភាគខាងជើងប៉ាគីស្ថាន។
អូស្មាប៊ីនឡាដេន ដោយចង់នាំគ្រួសារទៅរស់នៅជាមួយ បាន
បញ្ជាឲ្យជំនួយការផ្ទាល់គឺលោក Ibraham al-Hamid ទិញដីនិងជួលវិស្វករសាងសង់ផ្ទះយ៉ាងធំទូលាយមានបន្ទប់ក្រោមដី ស្ថិតនៅតំបន់ Abbottabad នៃប្រទេសប៉ាគីស្ថាន។ គ្រួសារប៊ីនឡាដេនបានទៅរស់ទីនោះ ក្នុងឆ្នាំ២០០៥ ដោយមិនដែលចេញពីផ្ទះនោះឡើយ មានតែប្រពន្ធទីបីប៉ុណ្ណោះ គឺ Amal បានប្រើប្រាស់ឈ្មោះក្លែងក្លាយទៅ មន្ទីរសម្ភពដើម្បីបង្កើតកូនពីរលើក ។ ចំណែកជំនួយការផ្ទាល់គឺលោក Ibrahim ក៏សង់ផ្ទះនៅក្បែរនោះដែរ។
នៅឆ្នាំ២០១០ មានមនុស្សផ្តល់ព័ត៌មានឲ្យCIA ក្រោយពីបានមើលឃើញ Ibrahim ។ នៅខែសីហារថយន្តរបស់Ibrahim ត្រូវបានក្រុម CIA តាមដានមកដល់តំបន់ដែលខ្លួនរស់នៅ។ ផ្ទះនៅម្តុំនោះ មានតែផ្ទះប៊ីនឡាដេនប៉ុណ្ណោះ ដែលសាងសង់ខុសគេ ហើយមិនមានប្រព័ន្ធទូរស័ព្ទ ខ្សែភ្លើង អុីនធើណេត មានបង្អួចតិច របងខ្ពស់ជុំវិញ។
នៅពេលនោះក្រុមCIA បានបង្កើតក្រុមជំនាញតាមដានផ្ទះមួយនោះដើម្បីបញ្ជាក់ថាអ្នកណារស់នៅខាងក្នុង ។ នៅពេលព្រឹក ខ្សែហាលខោអាវ មានទាំងខោអាវបុរសស្ត្រីនិងក្មេងៗ ។ ក្រុមCIAកំណត់បានថានៅក្នុងផ្ទះនោះមានខោអាវមនុស្សប្រុសមានតែម្នាក់ប៉ុណ្ណោះ តែមានខោអាវស្រីៗច្រើន និងក្មេងៗ៩នាក់ ។ បើគិតចំនួនមនុស្សស្មើនិងគ្រួសារប៊ីនឡាដេន។
នៅខែឧសភាឆ្នាំ២០១១ ទាហានអាមេរិក ក្រោមការបញ្ជារបស់ប្រធានាធិបតីអូបាម៉ា បានបើកការវាយប្រហារសម្លាប់មេដឹកនាំភេរវកម្មអូស្មាប៊ីនឡាដេន ៕
ដោយ៖ធីរីណា(រូបភាព៖American News)