ខេត្តសៀមរាប ៖ បេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទទី០២ ខែសីហា ឆ្នាំ២០២១នេះ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០១ ខែសីហាម្សិលមិញនេះ ដូចមានរាយនាមខាងក្រោម៖
ករណីទី១ ដល់ទី៤ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី៥ ដល់ទី១០ គឺជា ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីបន្ទាយមានជ័យ និងខេត្តកំពង់ចាម និងករណីទី១១ ដល់ទី២១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះករណីទី២២ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
អ្នកជាសះស្បើយទាំង៥២នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គ.ករណីស្លាប់
នៅថ្ងៃនេះដែរ មានករណីស្លាប់ចំនួន២ករណី ដូចមានរាយនាមខាងក្រោម៖
*១- ឈ្មោះ ផ្លោក សាន ភេទស្រី អាយុ៧៦ឆ្នាំ អាសយដ្ឋាននៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
*២- ឈ្មោះ សូ សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២៖៤៥នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥១៨នាក់ បានព្យាបាលជាសះស្បើយចំនួន២៣១៦នាក់ ស្លាប់៤៨នាក់ និង២១៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ៖សហការី