ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី១១ សីហាខាងមុខនេះ! សំណុំរឿងយោធាផ្កាយពីរ ជា នុសិទ្ធ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលក្រម

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាម​មន្រ្តីជាន់ខ្ពស់​ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០២​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖ សាលាឧទ្ធរណ៍ភ្នំពេញ​ នឹងប្រកាសសាលដីកាលើសំណុំរឿង យោធាផ្កាយពីរ ជា នុសិទ្ធ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ​ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​។

សូមជម្រាបថា​ ជនជាប់ចោទឈ្មោះ ជា នុសិទ្ធ មានតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) នៃក្រសួងការពារជាតិ និងជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋសភាមួយរូបផង ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខៈ ៤៩១២ “ឆ១” ដោយសម្រេចផ្តន្ទាទោសកំណត់ចំនួន១៨ខែ (តែទោសនេះត្រូវព្យួរធម្មតា) និងពិន័យជាប្រាក់ ៣.០០០.០០០ (បីលាន)រៀល ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬ ចេញសែកស្អុយ) ប្រព្រឹត្តនៅចំនុចរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ បើកសវនាការកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ តាមរយៈបណ្តឹងឧទ្ធរណ៍របស់តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលយល់ឃើញថា មានភាពមិនប្រក្រតីក្នុងការសម្រេចព្យួរទោសដល់ជនជាប់ចោទ ដែលបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កឱ្យមានព្យសនកម្ម (ការខូចខាត) ជាច្រើនដល់ជនរងគ្រោះផងនោះ។

គួររម្លឹកថា​ អំឡុងឆ្នាំ២០១៩ ជនជាប់ចោទ ជា នុសិទ្ធ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមានទឹកប្រាក់សរុបចំនួន ៦៨៧.០០០ (ហុកសិបប្រាំបីម៉ឺនប្រាំពីរពាន់)ដុល្លារអាមេរិក ប៉ុន្តែដល់ពេលកំណត់ដែលត្រូវសងប្រាក់កម្ចីនោះ ជនជាប់ចោទបែរជាចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាម្ចាស់បំណុលទៅវិញ។

ចំពោះការចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់របស់ជនជាប់ចោទនេះ គឺមិនមែនតែមួយលើកទេ គឺមានចំនួន ០៣ (បី) លើកដែលជាហេតុធ្វើឱ្យភាគីម្ចាស់បំណុល មិនអាចអត់ទ្រាំតទៅទៀតបាន ទើបសម្រេចចិត្តប្តឹងជនជាប់ចោទទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា​ អ្វីដែលសំខាន់ជាងនេះទៅទៀត នៅពេលដែលសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ភ្នំពេញ បានបង្គាប់ឱ្យជនជាប់ចោទ ជា នុសិទ្ធ ដាក់ប្រាក់ធានាចំនួន ២០០.០០០ (ម្ភៃម៉ឺន)ដុល្លារអាមេរិក សម្រាប់ការធានាខ្លួនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែជនជាប់ចោទមិនបានអនុវត្តតាមការសម្រេចរបស់តុលាការឡើយ ដោយអាងខ្លួនមានតួនាទីជាឧត្តមសេនីយ៍ជាន់ខ្ពស់ និងមានអ្នកជួយរត់ការមួយចំនួននៅពីក្រោយខ្នង ដែលអាចឱ្យជនជាប់ចោទមានសេរីភាពនៅក្រៅឃុំ ដោយមិនចាំបាច់អនុវត្តតាមលក្ខខណ្ឌដែលបង្គាប់ដោយតុលាការ។

គួរជម្រាបដែរថា​ សរុបមកវិញ​ ទង្វើរបស់ជនជាប់ចោទឈ្មោះ ជា នុសិទ្ធ អាងខ្លួនជាមន្រ្តីយោធាជាន់ខ្ពស់ ព្រមទាំងមានឋានៈជាទីប្រឹក្សាថ្នាក់ដឹកនាំរដ្ឋសភាផងនោះ បានប្រើអំណាច និងឥទ្ធិពលរបស់ខ្លួនប្រព្រឹត្តបទល្មើសដោយមិនខ្លាចច្បាប់ ដោយបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ដល់ទៅ៣លើក សរុបទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ឱ្យជនរងគ្រោះ ដែលជាអ្នកវិនិយោគស្របច្បាប់ និងសុចរិត និងបំពានសេចក្តីសម្រចរបស់តុលាការដោយមិនខ្វល់អ្វីទាំងអស់ ដែលទង្វើនេះ មិនគួរត្រូវបានលើកលែងឡើយ ព្រមទាំងត្រូវទទួលបានការផ្តន្ទាទោសដាក់ពន្ធនាគារឱ្យបានធ្ងន់ធ្ងរ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖