កាលពីចុងសប្តាហ៍កន្លងមកមានបាតុកម្មផ្ទុះឡើងនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបដើម្បីប្រឆាំងនឹងច្បាប់គម្លាតសង្គម និងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ការធ្វើបាតុកម្មរាលដាលទ្រង់ទ្រាយធំ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការខិតខំទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាល និងបណ្តាប្រទេសក្នុងតំបន់។
នៅប្រទេសអាល្លឺម៉ង់ កម្លាំងប៉ូលិសនៅរដ្ឋធានី ប៊ែរឡាំង កាលពីថ្ងៃទី ១ខែសីហា បានចាប់ខ្លួនមនុស្សជាច្រើនដែលនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងច្បាប់គម្លាតសង្គម ដោយចាត់ទុកថាទាំងនោះជាការបិទសិទ្ធិសេរីភាពរបស់ពួកគាត់។ នៅដើមសប្តាហ៍នេះរដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចហាមជួបជុំគ្នានៅទីក្រុងធំៗក្នុងប្រទេសនេះដោយសារតែមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ជាថ្មី។
នៅក្នុងប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងមក មានមនុស្សរាប់ពាន់នាក់បានដង្ហែក្បូនបាតុកម្មនៅទីក្រុងធំៗ បង្ហាញការមិនពេញចិត្តចំពោះវិធានការទប់ស្កាត់កូវីដ-១៩របស់រដ្ឋាភិបាលបារាំង និងប្រឆាំងការប្រើប្រាស់វ៉ាក់សាំង និងលិខិតបញ្ជាក់សុខភាព ដូចជាកាតចាក់វ៉ាក់សាំង ឬលិខិតធ្វើតេស្តអវិជ្ជមានកូវីដ-១៩ជាដើម មុនពេលចូលទៅកាន់ទីសាធារណៈ។ ការធ្វើបាតុកម្មនៅក្នុងប្រទេសបារាំងបានអូសបន្លាយរយៈពេល៣សប្តាហ៍ជាប់ៗគ្នា ។
នៅក្នុងប្រទេសអុីតាលី កាលពីចុងសប្តាហ៍កន្លងមកនេះមានពលរដ្ឋប្រមាណ១សែននាក់បានជួបជុំគ្នាធ្វើបាតុកម្មនៅទីក្រុងធំៗ ប្រឆាំងនឹងច្បាប់ត្រូវតែមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងទើបអាចធ្វើដំណើរបានដោយសេរី។ ការធ្វើបាតុកម្មនេះបានធ្វើឲ្យប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់សាំងអនឡាញនៅទីក្រុងមួយចំនួនត្រូវក្រុមហែកឃើរវាយប្រហារ ។
ក្រៅពីនេះនៅក្នុងប្រទេសបែលហ្ស៊ិក ដាណឺម៉ាក អៀរឡង់ …ក៏មានបាតុកម្មកើតឡើងប្រឆាំងនឹងច្បាប់ហាមប្រាមដល់ពលរដ្ឋដែលមិនចាក់វ៉ាក់សាំងចូលទៅកាន់ទីប្រជុំជនដូចជារោងភាពយន្ត ក្លិបកម្សាន្ត ភោជនីយដ្ឋាន…៕
ដោយ៖ធីរីណា(រូបភាព៖AFP+Reuters )