ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថ និងមានការចូលរួមដឹកនាំផងដែរពីអាជ្ញាធរ អនុវត្តបម្រាមគោចរឈានដល់ ឃាត់បាន រថយន្ត ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ដែលបានល្មើសនឹងបម្រាបគោចរ កាលពីយប់ថ្ងៃទី ១ សីហា ឆ្នាំ២០២១! បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវរកជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវរកជំងឺកូវីដ-១៩បានលើកឡើងថា, អ្នកដែលល្មើស បម្រាមគោចរ នឹងត្រូវផាកពិន័យ, ម៉ូតូ ២០ ម៉ឺនរៀល ចំណែក រថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវរកជំងឺកូវីដ-១៩, សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ ទៀបភ្លឺ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១។
ក្នុងការអនុវត្តបម្រាមគោចរនេះផងដែរ ទាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ទាំងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ , ក៏ដូចជាគណៈបញ្ជាការឯកភាពទាំង ១៤ខណ្ឌ បានចុះអនុវត្តការងារនេះចាប់ពីម៉ោង ៩:០០ យប់រហូតដល់ម៉ោង ៣ទៀប ភ្លឺរាល់ថ្ងៃ៕
ដោយ ៖ សិលា