ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែ សីហា ឆ្នាំ ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ រយ:ពេល២ថ្ងៃ ជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមប្រចាំនៅអនុខណ្ឌពោធិ៍សែនជ័យចំនួន២០នាក់ ដែលវគ្គនេះបានការជួយឧបត្ថម្ភពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ និងឆ្លេីយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
មានមតិបេីកវគ្គនាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោក លោកស្រីអ្នកស្មគ្រ័ទាំងអស់ ព្រមទាំងសូមឲ្យត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ ដេីម្បីទទួលយកចំណេះដឹងថ្មីដ៏មានសារៈសំខាន់នេះ ដើម្បីក្លាយខ្លួនជាជនបង្គោល និងជាប្រតិបត្តិករប្រកបដោយសមត្ថភាពប្រសិទ្ធភាព សម្រាប់យកទៅអនុវត្ត និងជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភ័ក្រ្ត ក្រុមគ្រួសារ ជាពិសេសសហគម៍មូលដ្ឋាន។
លោកនាយកប្រតិបត្តិសាខា បានបន្តថា៖ សកម្មភាពទាំងនេះពិតជាបានឆ្លុះបញ្ជាំងឲ្យឃើញនូវការចូលរួម និងការយកចិត្តទុកដាក់ខ្ពស់របស់បងប្អូនអ្នកស្ម័គ្រចិត្តយេីងដែលជាប្រតិបត្តិករផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទោះបីជាក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងតែរាតត្បាតក៏ដោយ ប៉ុន្តែបងប្អូនបានបន្តជួយ ក៏ដូចជាបានផ្សព្វផ្សាយបន្តពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើង សហគមន៏យើង និងប្រទេសជាតិយើង ទាំងនេះជាការឆ្លើយតបទៅនឹងវត្ថុបំណងរបស់កាកបាទក្រហមកម្ពុជាគឺ “វប្បធម៌នៃការចែករំលែក និងជួយសង្គ្រោះ” ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
សូមបញ្ជាក់ថា ប្រធានបទដែលលើកយកមកបង្ហាត់បង្ហាញរួមមាន៖
*១. ជំងឺកូវីដ១៩
*២. សង្គ្រោះបឋមផ្លូវចិត្ត
*៣. ភាពតានតឹង និងដំណោះស្រាយ
*៤. ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ ៕
ដោយ៖សហការី