អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៧,៩៧០ករណី , ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៧៨នាក់បន្ថែមទៀតដែរបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។
ជាក់ស្ដែងក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៧,៧៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៥ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។
គួរជម្រាបថា នៅពេលការឆ្លងនិងស្លាប់ដោយកូវីដ១៩ហក់ឡើងខ្លាំងនៅថៃ លោកសង្ឃខ្លះចាប់ផ្តើមពាក់សម្លៀកបំពាក់ឈុតការពារកូវីដ១៩ដើម្បីជួយដឹកជញ្ជូនធុងអុកស៊ីសែនយកសំណាកតាមច្រមុះនិងថែមទាំងជួយសែងសពដាក់ប៉ាឆា បន្ថែមលើការងារសូត្រធម៌ជូនដំណើរជនរងគ្រោះ។
ដោយឡែកមហាប្រូមផុង ចៅអធិការរងនៅវត្តមួយក្នុងក្រុងបាងកក បានប្រាប់សារព័ត៌មានបារាំងកាលពីពេលថ្មីៗនេះថា៖«ជនជាតិថៃជាច្រើននៅតែមិនត្រូវបានប្រព័ន្ធសុខាភិបាលរដ្ឋមិនអើពើ។ យើងយកចិត្តទុកដាក់មើលថែគ្រប់អ្នកដែលចង់អោយយើងជួយ»។ ជាក់ស្ដែងចាប់តាំងពីថ្ងៃ២១កក្កដាមក ព្រះអង្គនិងសង្ឃជាច្រើនអង្គទៀតបាននិងកំពុងធ្វើការតាមសង្កាត់ក្រីក្រក្នុងក្រុងបាងកក ដោយចែកធុងអុកស៊ីសែន ចែកអាហារនិងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រទៅអោយអ្នកត្រូវការ ព្រមទាំងយកសំណាកដើម្បីធ្វើតេស្តិ៍រកកូវីដ១៩ថែមទៀត។
បច្ចុប្បន្ន ប្រទេសថៃ ត្រូវបានគេមើលឃើញថា៖ កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៣៣,២៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥,១៦៨នាក់ និងអ្នកជាសះស្បើយវិញ ៤១៩,២៤១នាក់៕ដោយ៖សហការី