ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីម៉ាក់៖ សុនខចំនួន៣ក្បាលបានហិតរកឃើញក្លិនសំណាកនៃអ្នកជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង មន្ត្រីស៊ីម៉ាក់បានចុះមកពិនិត្យនិងវាយតំលៃការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩។ 

ក្រោយពីបានទទួលសំណាកក្លិន(VOC)អ្នកជម្ងឺកូវីដ-១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCR និងការបណ្តុះមេរោគ (cell culture)ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ-១៩នេះតាមផែនការ។ 

សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។

 រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ 

ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី។ 

ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ 

ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថាមានការឆ្លងវីរុសកូវីដ-១៩ពីមនុស្សទៅសុនខឡើយ។ 

សូមបញ្ជាក់ថា សុនខទាំងនេះកើតនៅកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖