ខេត្តស្វាយរៀង៖ យោងតាមសំណើរបស់លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត បានស្នើលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីឱ្យកម្លាំងជំនាញផ្នែកសុខាភិបាលយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ ដល់កងកម្លាំងនគរបាល។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការហ្វេសប៊ុករបស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស។
ជាក់ស្ដែងនៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកសុខាភិបាលកងរាជអាវុធហត្ថខេត្តដឹកនាំដោយ លោកស្រីអនុសេនីយ៍ឯក សុខ សុមន្ថា បានធ្វើការពិនិត្យយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនកងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិបាវិត និងប្រជាពលរដ្ឋលក់ដូរនៅក្នុងបរិវេនប៉ុស្ដិ៍នគរបាល ដើម្បីមានភាពកក់ក្ដៅប្រាកដប្រជា និងកាត់បន្ថយការឆ្លងរាលដាល។
គួរជម្រាបថា ការយកសំណាកធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ធ្វើឡើងចំនួន ០១កន្លែងរយៈពេល ១ថ្ងៃ ៖ គឺនៅប៉ុស្ដិ៍នគរបាលច្រកទ្វាអន្តរជាតិបាវិត យកសំណាកធ្វើតេស្ដបានចំនួន ៨១នាក់ លទ្ធផលអវិជ្ជមានចំនួន ៨១នាក់។ និងទី២.ប្រជាពលរដ្ឋយកសំណាកធ្វើតេស្ដបានចំនួន ២៦នាក់ លទ្ធផលអវិជ្ជមានចំនួន ២៥នាក់វិជ្ជមានចំនួន០១នាក់៕ដោយ៖សហការី