ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អមដំណើរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នង ការរងនគរបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការិនី នៅទូទាំងស្រុកព្រៃកប្បាស។ ក្នុងកម្មវិធីនេះដែរ បានរៀបចំធ្វើឡើងនៅបរិវេណវត្តភ្ញីមាស ឃុំព្រៃផ្ដៅ ដោយមានការចូលរួមដោយ លោក ញ៉ែម ស្រស់ អភិបាលស្រុក លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក លោកមេបញ្ជាការកង រាជអាវុធហត្ថស្រុក និងមន្រ្តីសុខាភិបាលស្រុកប្រតិបត្តិជាច្រើនរូប។
នាឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាក្រោមការដឹកនាំ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី សម្ដេចបានខិតខំក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជា ពលរដ្ឋកម្ពុជាឲ្យចាកផុតពីការលំបាក និងការរស់នៅប្រកបដោយសន្តិសុខ និងសេរីភាព ជាពិសេសការ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយ:ការស្វែងរកវ៉ាក់សាំងមកពីបណ្តាប្រទេសនានា ក្នុងការយកមកចាក់ជូនប្រជាពលរដ្ឋ បានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ។
លោកអភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនផងដែរថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ សម្រាប់ចាក់ជូនកុមារ និងមកដល់ខេត្តតាកែវ ដូច្នេះសូមមាតាបិតា និងអ្នកអាណាព្យាបាល កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមក ទទួល ការចាក់វ៉ាក់សាំងនៅពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាម វិធាន ការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួង សុខា ភិបាលឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបជូនដែរថា រដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង មានចំនួន ០៩កន្លែង៖ ១-មន្ទីរពេទ្យបង្អែកព្រៃកប្បាស ២-វត្តកំពែង ៣-មណ្ឌលសុខភាព វ៉ា ជាង ៤-សាលាបឋម សិក្សាភ្ញីមាស ៥-អនុវិទ្យាល័យ ពាមមង្គលបុរី ៦-វិទ្យាល័យ អង្គអណ្ដែត ៧-មណ្ឌលសុខភាព ក្រាំងស្លា ៨-មណ្ឌលសុខភាព ពោធិ៍រំចាក ៩-សាលាបឋមសិក្សា ឬស្សីថ្មី ចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ ម៉ោង៤ល្ងាច ដោយបងប្អូនភ្ជាប់មកជាមួយអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕
ដោយ៖សហការី