ខេត្តឧត្តរមានជ័យ, ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍។ នេះជាការបញ្ជាក់ពី រដ្នបាលស្រុកឯកភាពស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
រដ្នបាលស្រុកឯកភាពស្រុកអន្លង់វែងសូមជម្រាបជូនថា ៖ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប, រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាបទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ-១៩ ប្រភេទ Delta ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា តាមរយៈការសេចក្តីសម្រេច និងសារាចរ៖
១.សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
២.ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
ទាំងសេចក្តីសម្រេចបិទខ្ទប់ ទាំងសារាចរបស់រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានីខេត្ត ដាក់ចេញនូវវិធានការលម្អិតសម្រាប់អនុវត្តទាំងក្នុងតំបន់បិទខ្ទប់ និងតំបន់ផ្សេងទៀត នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទៅតាមស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ហេតុនេះ គណៈអភិបាលខេត្តនៃខេត្តដែលត្រូវបិទខ្ទប់ និងគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស នឹងដាក់ចេញនូវសេចក្តីសម្រេចស្តីពីវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លម្អិត សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ព្រមៗគ្នា សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១(យប់នេះ) រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១!
ជាមួយគ្នានេះ នៅក្នុងអំឡុងពេលនៃយុទ្ធនាការ ១៤ថ្ងៃនេះ ក្រសួង-ស្ថាប័នសាធារណៈ, វិស័យឯកជន ព្រមទាំងបុគ្គលឯកជន ត្រូវបានលើកទឹកចិត្តក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីជាវិធានការបង្ការ ក៏ដូចជាការស្វែងរកអ្នកវិជ្ជមានមេរោគកូវីដ-១៩ ដោយផ្អែកតាមអភិក្រម “រកឃើញឆាប់រហ័ស, គ្រប់គ្រងបានលឿន, និងកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេល” សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖សិលា