ខេត្តសៀមរាប៖ រថយន្តក្រុង ពីរគ្រឿង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើស្ទាក់ចាប់បាន ហើយបន្តចាប់រថយន្តធុនតូចមួយគ្រឿងទៀតខណៈដឹកឈើល្មើសច្បាប់ឆ្លងកាត់ខេត្តសៀមរាប។
ការឃាត់ខ្លួនរថយន្តដឹកឈើខុសច្បាប់នេះប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហា វេលាម៉ោង៧យប់នៅចំនុចភូមិគោកត្រាច ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកវរសេនីយ៍ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលដឹកនាំកម្លាំងផ្ទាល់ បានឱ្យដឹងថា នៅថ្ងៃកើតហេតុមានរថយន្តក្រុង ធុន៤៥កៅអី១គគ្រឿងពាក់ស្លាកលេខសៀមរាប3A ២១ ៦៤ដឹកឈើខុសច្បាប់ក៏ត្រូវកម្លាំងរបស់លោកឃាត់បាននៅភូមិគោកត្រាច ឃុំបាល្ល័ង ស្រុកប្រាសាទបាគង។លុះដល់វេលាម៉ោងជាង៩យប់ថ្ងៃដដែលក៏ឃាត់បានរថយន្តកុងតឺន័រ(ឃ្លុប)របស់ក្រុងហ៊ុនរឹទ្ធមុនី មួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ3F.៦២៨៥6 នៅភូមិតានី ឃុំ រុនតាឯក ស្រុកបន្ទាយស្រី។លោកបន្តថា ក្នុងការបង្ក្រាបនេះបានឃាត់រថយន្តទាំងនេះ បានរកឃើញកៅអីឈើចំនួន ៦០ ,ហង្សតេធំចំនួន១០ ហង្សតេតូចចំនួន១៧ ប៉ៅអ៊ីចំនួន២ ។ចំណែក រថយន្តឃ្លុបកុងតឺន័រមាន កៅអី ចំនួន២៥ គ្រែព្រះនាងចំនួនមួយ។ ក្រោយឃាត់បានវត្ថុតាងទាំងពីរករណីខាងលើបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
ក្នុងករណីនេះដែរលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋ បាលព្រៃឈើសៀមរាប បានឱ្យដឹងថា រថយន្តក្រុងទាំងពីរគ្រឿងខាង លើ បានដោះលែងវិញហើយព្រោះវត្ថុតាងជារបស់កែកែច្នៃ។
ចំណែករថយន្តតូចគឺអនុវត្តដោយពិន័យជាអន្តរការណ៍ ព្រោះជាបទល្មើសជាក់ស្តែង ៕
ដោយ៖ ប្រាថ្នា