ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់ដោះស្រាយជាមួយសុខ រ៉ាស៊ីចប់ផងលេចចេញផលិតករម្នាក់ទៀតថា លោកអុិន សុភិន មិនទាន់ទូទាត់ប្រាក់ឲ្យ

ចែករំលែក៖

    ភ្នំពេញ៖ អាចបន្ថែមរឿងរ៉ាវឈឺក្បាលថ្មីមួយទៀតសម្រាប់លោក អុិន សុភិន ក្រោយពីថ្ងៃនេះមានផលិតករម្នាក់ទៀតបានចេញមុខលើកឡើងអំពីការមិនទាន់ទទួលបានប្រាក់សរុបជិត៥ពាន់ដុល្លារអាមេរិកពីការថតខ្សែភាពយន្ត៣រឿងឲ្យផលិតកម្មមហាហង្ស។ ការទម្លាយករណីថ្មីនេះបានធ្វើឡើងបន្ទាប់ពីរឿងរ៉ាវដ៏ចម្រូងចម្រាសរឿងប្រាក់កាសជាមួយលោក សុខ រ៉ាស៊ី នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ផង។

  គឺជាករណីថ្មីដែលបានធ្វើឲ្យកក្រើកផ្អើលពេញចង្កោមអ្នកសិល្បៈ និងមហាជនបន្ទាប់ពីលោក រ៉េមមី ហ៊ូ ដែលគេស្គាល់ថាជាអ្នកច្នៃម៉ូដ និងជាអ្នកដឹកនាំរឿងបានទម្លាយរឿងរ៉ាវប្រាក់កាសមួយចំនួនពីការផលិតខ្សែភាពយន្តដែលលោកអុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សមិនទាន់បានទូទាត់អស់រយៈពេលជិត២ឆ្នាំមកហើយ។ មានការទម្លាយឱ្យដឹងថា អ្នកដឹកនាំរឿង និងជាអ្នកច្នៃម៉ូដដ៏ល្បីមួយរូបនៅសហរដ្ឋអាមេរិកនិងកម្ពុជា គឺលោក រ៉េមមី ហ៊ូ និងភរិយា ដែលជាមនុស្សរាប់អាន និងធ្វើការជាមួយលោកអុិន សុភិនរាប់ឆ្នាំ និងមានភាពជិតស្និទ្ធថែមទៀតផង ហើយតាមរយៈទំនាក់ទំនងនេះ លោកក៏បានព្រមព្រៀងធ្វើការងារមួយចំនួនជាមួយផលិតកម្មមហាហង្សដើម្បីផលិតខ្សែភាពយន្ត ដែលការផលិតនេះបានចាប់ផ្តើមឡើងតាំងពីក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ។ ប្រភពដដែលបញ្ជាក់ថា ខ្សែភាពយន្តនេះសុរបចំនួន៣រឿងជាខ្សែភាពយន្តដុំ ដែលក្នុងនោះលោកមានកាតព្វកិច្ចជាអ្នកដឹកនាំរឿង ចំណែកភរិយារបស់លោកឈ្មោះ អ្នកនាង ផូ ភារ័ត្ន ជាជំនួយការដឹកនាំរឿង។ ក្នុងនេះដែរ រ៉េមមី គឺជាអ្នកឈរឈ្មោះក្នុងការធ្វើកិច្ចសន្យាជាមួយផលិតកម្មដែលមានលោក អូន ឧស្សាហ៍ ជានាយកគ្រប់គ្រងទូទៅ ធ្វើជាតំណាង។  យោងទៅតាមតាមខ្លឹមសារនៅក្នុងកិច្ចសន្យា លោក រ៉េមមី ហ៊ូ និងភរិយា ផូ ភារត្ន័ បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវកក់ប្រាក់៥០%មុនចុះថត ហើយក្រុមហ៊ុនក៏បានកក់រួចហើយដែរ។ ក្រៅពីនេះ ពេលដឹកនាំថតបាន៥០ភាគរយនៃសាច់រឿង ក្រុមហ៊ុនត្រូវបង់ប្រាក់៣០ភាគរយបន្ថែមទៀត លុះបញ្ចប់ការងារដឹកនាំថតចប់ជាស្ថាពរ ទើបក្រុមហ៊ុនត្រូវបង់ប្រាក់២០ភាគរយបញ្ចប់គម្រប់១០០ភាគរយ។  ប៉ុន្តែជាមួយគ្នានោះ អ្នកដឹកនាំក៏ត្រូវមានតួនាទីទៅមើល ការកាត់តឲ្យចប់ដែរ ទើបមានសិទ្ធិក្នុងការទទួលប្រាក់២០%ចុងក្រោយនេះ។ តាមអ្នកដឹកនាំរឿង២នាក់ប្ដីប្រពន្ធបានបញ្ជាក់ថា ក្រោយថតចប់ ពួកគេក៏បានទៅមើលការកាត់តបាន២រឿង នៅសល់១រឿង។ ដល់ត្រឹមនេះ លោក រ៉េមមី បានស្នើសុំទូទាត់ទឹកប្រាក់៣០%ទាំងបីរឿងតាមកិច្ចសន្យា ដើម្បីយកមកដោះស្រាយលើការចំណាយផ្សេងៗ ប៉ុន្តែរូបលោកនិងភរិយាមិនទទួលបានអ្វីទាំងអស់ ដោយលោក អុិន សុភិន បានយកលេសនេះលេសនោះដើម្បីគេចវេះរហូតមកដល់សព្វថ្ងៃនេះ។ មានការបញ្ជាក់ដែរថា ប្រាក់ដែលនៅមិនទាន់ទូទាត់ប្រាក់ថ្លៃពលកម្មរបស់លោកនិងភរិយា សរុបចំនួន៥០% ស្នើនឹងទឹកប្រាក់ជិត៥០០០ដុល្លារទៀត ហើយកន្លងមកលោកនិងភរិយាយល់ព្រមឲ្យផលិតកម្មទូទាត់ឲ្យ ទោះបីបង់រំលស់២០០ដុល្លារ ៣០០ដុល្លាឬ៥០០ដុល្លារក៏បានដែរ ប៉ុន្តែពួកគេមិនទទួលបានដំណោះស្រាយណាមួយលើទឹកប្រាក់នៅសល់រហូតមកដល់បច្ចុប្បន្ននេះ។

   គួរបញ្ជាក់ដែរថា មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅលើករណីរបស់លោកសុខ រ៉ាស៊ី រហូតអ្នកនាង ផូ ភារ័ត្ន ដែលជាភរិយារបស់លោក រ៉េមមី ហ៊ូ បញ្ចេញសារចាក់ដោតមួយចំនួន និងចែករំលែកអំពីព័ត៌មានទាក់ទិននឹងលោកសុខ រ៉ាស៊ី និងលោក អុិន សុភិន ដោយនាងបានទាំងភ្ជាប់នូវខ្លឹមសារសំណេរថា កម្មពៀរមិនចាំជាតិក្រោយទេ នេះជាស្ទីលដដែលៗដែលគាត់ធ្លាប់ប្រើជាមួយអ្នកទន់ខ្សោយរួមទាំងខ្ញុំផងដែរ ។ អ្នកដឹងបានដឹង។  ខណៈដែលសារមួយទៀតត្រូវបានបង្ហាញភ្ជាប់ដោយរូបថតអ្នកនាង និងស្វាមីគឺមានខ្លឹមសារថា ពីរឆ្នាំហើយដែលនាងនិងស្វាមីអត់ធ្មត់ យោគយល់ និងរង់ចាំដំណោះស្រាយរឿងលុយកាក់ ប៉ុន្តែមិនមានលទ្ធផល។ ផ្ទុយមកវិញគឺថែមទាំងមានការជេរប្រមាថមើលងាយរូបនាងនិងគ្រួសារថែមទៀតផង នាងពិបាកនឹងទទួលយកបាន។ ទោះជាយ៉ាងណាពេលនេះបានលាតត្រដាងហើយអ្វីដែលនៅពីក្រោយការបញ្ចេញសារនេះគឺជារឿងដែលជាប់ពាក់ព័ន្ធទៅនឹងការចេញផលិតខ្សែភាពយន្តសម្រាប់ផលិតកម្មមហាហង្សនោះតែម្តង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖