ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានថ្លែង សង្កត់ធ្ងន់ថា នៅក្នុងក្រុងស្វាយរៀងនាយប់នេះអ្នកដែលមិនព្រមអនុវត្តវិធានការរដ្ឋបាលបម្រាមគោចរលេខ០៨៣/២១សសរ នឹងត្រូវទទួលរង នូវការពិន័យជាដាច់ខាតដោយមិនមានការលើកលែងឡើយ។
ការថ្លែងសង្កត់ធ្ងន់របស់លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅសាលាក្រុងស្វាយរៀង។
លោក សរ សុដានី អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងស្វាយរៀង បានមានប្រសាន៍ថា រយៈពេលមួយសប្តាហ៍នៃការអនុវត្តវិធានការរដ្ឋបាលបម្រាមគោចរនៃសេចក្តីសម្រេចលេខ០៨៣/២១សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកន្លងមក រដ្ឋបាលក្រុងសង្កេតឃើញថានៅមានបងប្អូនមួយចំនួនតូចនៅតែបន្តបំពាន នៅតែមិនគោរព នៅតែមិនខ្លាច ធ្វើឱ្យរដ្ឋបាលក្រុងពិបាកក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះជំងឺនេះកំពុងបំប្លែងខ្លួនថ្មីៗ ហើយឥទ្ធិពលនៃការឆ្លងក៏កាន់តែលឿនជាងមុន គ្រោះថ្នាក់ជាងមុន ដូច្នេះដើម្បីឱ្យការអនុវត្តសេចក្តីសម្រេចបម្រាមគោចរនេះមានប្រសិទ្ធភាពគឺយើងទាំងអស់គ្នាត្រូវតែអនុវត្តឱ្យបានគ្រប់គ្នា។
លោកបន្ថែមថា នៅយប់ថ្ងៃទី៥ខែសីហាឆ្នាំ២០២១នេះចាប់ពីម៉ោង៩យប់តទៅ លោកនឹងដឹកនាំកម្លាំងចម្រុះចុះអនុវត្តឱ្យតឹងរុឹងបំផុតដោយមិនលើកលែងឡើយ ព្រោះមិនមែនជាពេលត្រូវអប់រំផ្សព្វផ្សាយទៀតទេ គឺជាពេលវេលាត្រូវតែអនុវត្ត លើកលែងតែក្នុងករណីពិសេស ដែលមានចែងក្នុងសេចក្តីសម្រេចនេះ ប៉ុន្តែបើបងប្អូនដែលល្មើសបំពានក្រៅពីករណីពិសេសដែលមានចែងក្នុងប្រការ៣ និង ប្រការ៤ របស់សេចក្តីសម្រេចនេះ រដ្ឋបាលក្រុងនឹងអនុវត្តវិធានការតឹងរុឹងបំផុតគឺ៖
១-ទោះបងប្អូនបំពានដោយចេតនាក្តីអចេតនាក្តីគឺត្រូវឃាត់ទាំងមនុស្សទាំងមធ្យាេបាយឱ្យឈរនៅរង្វង់មូលវិមាន ឯករាជ្យទាល់តែចប់ម៉ោងអនុវត្តវិធានរដ្ឋបាល ហើយរង់ចាំលោកគ្រូពេទ្យមកយកសំណាករួចរាល់ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ(បើលទ្ធផលអវិជ្ជមាន)។
២-បើពិនិត្យឃើញថា បងប្អូនល្មើសនឹងច្បាប់ឬសេចក្តីសម្រេចនានាដែលបានដាក់ចេញសម្រាប់ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩និងត្រូវរង់ចាំការផាកពិន័យតាមច្បាប់កំណត់ជាដាច់ខាត។
៣-បើបងប្អូនមិនព្រមអនុវត្តបង្កបញ្ហាដល់ការអនុវត្តវិធានការរដ្ឋបាលនេះ នឹង រៀបចំកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត ។
ក្នុងនាមតំណាងលោកអភិបាលក្រុង និងក្នុងនាមរូបលោកផ្ទាល់ សូមរំលឹកបងប្អូនមេត្តាជ្រាបថា ការដាក់ចេញនូវវិធានការរដ្ឋបាលនេះគឺក្នុងគោលបំណងតែមួយគត់គឺដើម្បីការពារអាយុជីវិតបងប្អូន និង មនុស្សរស់នៅជុំវិញបងប្អូន ព្រោះនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដូច្នេះបងប្អូនត្រូវតែអនុវត្ត ។
លោក សរ សុដានី បានបន្តទៀតថា នេះជាសារសម្រាប់បងប្អូនដែលរស់នៅក្នុងក្រុងស្វាយរៀង ក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់ក្រុងស្វាយរៀងឱ្យបានជ្រាបជាពត៌មានដោយក្តីគោរពស្រលាញ់បំផុតអំពីលោក ជាការដាស់តឿនក្រើនរំលឹកចុងក្រោយហើយលោកបានផ្តាំផ្ញើថា សូមកុំចាំដល់ពេលឆ្លងជំងឺCovid-19ទើបស្រក់ទឹកភ្នែកហើយពោលពាក្យថាស្តាយក្រោយណាបងប្អូនជាទីស្រលាញ់ ទាន់សុខភាពយើងនៅល្អនិងសូមចូលរួមការពារកុំឱ្យមានការឆ្លងជំងឺនេះឱ្យសោះ ៕
ដោយ៖យឹម សុថាន