ភ្នំពេញ៖ លោក ដួងតារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, កាលពីថ្ងៃទី ៣ ខែ សីហា លោក ហាបៀរ សឡា (Fco. Javier Sola Marti) ដែលបានចូលសញ្ជាតិខ្មែរមានឈ្មោះ ជូលីន សព្វថ្ងៃជាទីប្រឹក្សាបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ និងជាតំណាងកុងស៊ុលកិត្តិយសនៃប្រទេសអេស្ប៉ាញនៅកម្ពុជា បានស្នើសុំសម្តេចតេជោមេត្តាជួយផ្តល់យុត្តិធម៌ដល់រូបគាត់លើករណីវិវាទដីធ្លីទំហំ (២៦មx ៧១ម) ដែលគាត់បានទិញពីប្រជាពលរដ្ឋខ្មែរនៅអំឡុងឆ្នាំ ២០១៤ នៅតំបន់អរិយក្សត្រ ខេត្តកណ្តាល។
លោក ដួង តារា បានបញ្ជាក់ថា, លោក ហាបៀរ សឡា បានព្យាយាមស្នើសុំអាជ្ញាធរមូលដ្ឋានអោយមានដំណោះស្រាយជូនគាត់និងប្រជាពលរដ្ឋ៩គ្រួសារផ្សេងទៀតដែលកំពុងមានវិវាទដូចៗគ្នានៅដីជាប់ៗគ្នា។ ប៉ុន្តែមិនមានលទ្ធផល។ គាត់បានប្រាប់ថា មានឈ្មោះ សាន បានយកបង្គោលទៅបោះព័ទ្ធលើដីពួកគាត់ហើយប្រាប់ថាដីទាំងនេះគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍តាមមាត់ទន្លេដែលមានឧកញ៉ាម្នាក់ទទួលសិទ្ធិរួចហើយ។
លោក ហាបៀរ សឡា បានបញ្ជាក់ថា ប្រសិនបើមានមែន គឺប្រាកដជាមានការជូនដំណឹងជាមួយនឹងគោលនយោបាយដោះស្រាយច្បាស់លា់ជូនពួកគាត់មិនខាន ព្រោះកន្ទុយដីនេះជាដីអាស្រ័យផលរបស់ពួកគាត់ជាយូរឆ្នាំមកហើយ។ ទន្ទឹមនឹងនោះគាត់បានបញ្ជាក់ប្រាប់ខ្ញុំថា តាមដែលគាត់បានឃើញ សជណ កន្លងមកគឺគ្របដណ្តប់តែលើទីតាំងភូមិ២ គឺភូមិអរិយក្សត្រ និងភូមខ្សាច់ រីឯដីពួកគាត់៩គ្រួសារទៀតគឺស្ថិតនៅភូមិពោធិធំ។
លោករដ្ឋលេខាធិការបន្តថា ,លោក ហាបៀរ សឡា ប្រាប់ខ្ញុំថាគាត់គោរពស្រឡាញ់ប្រទេសកម្ពុជា ហើយសព្វថ្ងៃក៏មានភរិយាជាជនជាតិខ្មែរ គាត់ចង់រស់នៅទីនេះអស់មួយជីវិត។ លោក ហាបៀរ សឡា សង្ឃឹមថានឹងមិនមានអ្វីអាក្រក់កើតមានឡើងចំពោះរូបគាត់ឡើយ។ ខ្ញុំនឹងពិនិត្យសំណើនេះជូនគាត់ ថាតើរឿងពិតប្រាកដនោះយ៉ាងណាទៅវិញ?
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ ៖ សិលា