ព័ត៌មានទាន់ហេតុការណ៍៖

២ថ្ងៃជាប់គ្នា គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ បិទនិងបង្ក្រាបហាងផឹកស៊ី៤ទីតាំងដែលបានល្មើសនិងបំរាមរបស់រដ្ឋបាលរាជធានី

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ  យ៉ាងហោចណាស់ មនុស្ស​ប្រុស​ស្រី​ចំនួន១៣​នាក់ ត្រូវបានគណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការឃាត់ខ្លួន ជាមួយនឹងការពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗ ខណៈដែលពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុកមួយកន្លែងផ្គើន​បម្រាម​ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

  ប្រតិបត្តិការនេះបានធ្វើឡើងកាលពី​វេលា ម៉ោង​១០​និង​១០ នាទី​យប់​ថ្ងៃ​ពុធ ទី​៤ ខែសីហា ឆ្នាំ​២០២១ នៅចំណុចទីតាំង​ហាង នីសា​កែវ​ព្រិល តាមបណ្តោយមហាវិមាន​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

   មន្រ្តីរដ្ឋបាលខណ្ឌពោធិសែនជ័យ បានអោយដឹងថា មុនពេលកេីតហេតុទីតាំងខាងលេី បានបង្កេីតអោយមាន កម្មវិធីខួបកំណេីតមួយ ដោយបានជួបជុំផឹកស៊ី ជាមួយនិងការដាក់ធុងបាស់តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត ។លុះដល់វេលាកេីតហេតុ កម្លាំងសមត្ថកិច្ចដែលចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃេីញ ក៏បានចុះធ្វេីការបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន១៣នាក់ក្នុងនោះមានប្រុសម្នាក់។ 

    ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យ មកពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗដែរ ប៉ុន្តែជាលទ្ធផល ពួកគេទាំង១៣នាក់នោះ អវិជ្ជមានទាំងអស់គ្នា ។ក្រោយមក អាជ្ញាធរមានសមត្ថកិច្ចក៏បានអប់រំណែនាំឱ្យទៅផ្ទះវិញ។

ប៉ុន្តែសម្រាប់បុរសម្នាក់ដែលជាថៅកែហាង ត្រូវសមត្ថកិច្ចនាំខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីដេីម្បីចាត់ការតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។

  ពាក់ព័ន្ធនឹងហាងផឹកស៊ីនេះដែរ កាលពីរសៀលថ្ងៃទី០៣ ខែសីហានេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង សរសេរស្លាកជាភោជនីយដ្ឋានហើយខាងក្នុងKTV ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

  ទីតាំង KTV ទាំង៣ កន្លែងនេះស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន៖
១៖ ភោជនីយដ្ឋាន ពិភពតារ៉ារះ

២៖ ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ

៣៖ ភោជនីយដ្ឋានបុប្ផារាជធានី។

    ក្នុងប្រតិបត្តិការចុះបិទទីតាំងKTV ទាំងបីកន្លែងនេះដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ៕

ដោយ ៖ សំរិត


ចែករំលែក៖