ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកងសន្តិសុខបុរីប៉េងហួតឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលនិរោធ ដេីម្បីចាត់ការតាមច្បាប់ ក្រោយពីជនទាំងនេះធ្វេីសកម្មភាពលួចដែកនៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត តាមផ្លូវបេតុង ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។
តាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនិរោធបានឱ្យដឹងថា ដើមបណ្តឹងឈ្មោះ ចាន់ អឹម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខបុរីប៉េងហួត ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានចំនួន២នាក់នោះ គឺទី១-ឈ្មោះ អុិន ហេងឈុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ និងទី២-ឈ្មោះ ជួន ផល្លាស់ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញ-លក់អេតចាយ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
វត្ថុតាងដកហូត៖ ដែកថ្នាំងអំពៅ ៣៩៧ដើម, ម៉ូតូសេ១០០កូរ៉េ១គ្រឿង ពណ៌ក្រហម គ្មានស្លាកលេខមាន សណ្តោងរ៉ឺម៉កនិងទូរស័ព្ទដៃ២គ្រឿង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានលួចដែកថ្នាំងអំពៅមានប្រវែងជាង១ម៉ែត្រចំនួន៣៩៧ដើមពីក្នុងការដ្ឋានសំណង់បុរីប៉េងហួត (ចំណុចកើតហេតុ) រួចទាក់ទងទៅបក្ខពួកម្នាក់ទៀតឈ្មោះ ជួន ផល្លាស់ ជិះម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខមានសណ្តោងរ៉ឺម៉កឲ្យមកដឹកដែកខាងលើទៅលក់ឲ្យគេយកលុយចែកគ្នាចាយ រួចជនសង្ស័យឈ្មោះ ជួន ផល្លាស់ ក៏ជិះរុឺម៉កម៉ូតូដឹកដែកទាំងអស់គេចខ្លួនបានបន្តិច ក៏ត្រូវបានសន្តិសុខបុរីប៉េងហួតមកដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ