ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូ ដែលរួមមាន លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ដែលយាមប្រចាំការនៅតំបន់ព្រំប្រទល់បាត់ដំបង-បន្ទាយមានជ័យ និងបាត់ដំបង-ប៉ៃលិន ដើម្បីពិនិត្យមើលស្ថានការណ៍ និងការអនុវត្តរបស់កងកម្លាំងប្រដាប់អាវុធ ដែលរដ្ឋបាលខេត្តបានដាក់ចេញដើម្បីអនុវត្ត ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកស្រីញ៉ែម សាខន សខេង ជូនដល់ក្រុមការងារ និងកងកម្លាំងដែលនៅប្រចាំការ នៅតាមតំបន់ព្រំប្រទល់ខាងលើ ។
ឆ្លៀតក្នុងឱកាសនោះ លោក ងួន រតនៈ បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលនៅជាប់តំបន់ព្រំប្រទល់ខាងលើ ត្រូវធ្វើការតាមដាន និងអនុវត្តទៅតាមគោលការណ៍ដែលរដ្ឋបាលខេត្តបានចេញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ហើយបើសិនជាមានអ្នកដែលចេញរោគសញ្ញាសង្ស័យ ឬដឹងអំពីប្រវត្តិអ្នកដំណើរមកពីតំបន់សង្ស័យណាមួយ សូមធ្វើការតេស្ដយកសំណាកជាបន្ទាន់ ដោយមានក្រុមគ្រូពេទ្យប្រចាំការស្រេច រៀបចំ និងពាក់ខោអាវការពាររួចជាស្រេចផងដែរ ដោយការធ្វើបែបនេះ ចៀសវាងបើសិនអ្នកដំណើរចូលហើយមានសញ្ញាវិជ្ជមាន ដែលបង្កជាហានិភ័យដល់ក្នុងសហគមន៍៕
ដោយ ៖ សិលា