ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មទ្រង់ទ្រាយធំនៅលីបង់ គម្រប់១ឆ្នាំនៃថ្ងៃផ្ទុះនៅកំពង់ផែបៃរូត(Beirut)

ចែករំលែក៖

អង្គការកាកបាទក្រហមលីបង់បានប្រកាសថា ការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសប្រឆាំងបាតុកម្ម នឹងក្រុមបាតុករកើតឡើងកាលពីមួយឆ្នាំមុនពេលផ្ទុះនៅកំពង់ផែបៃរូត (4/8/2020 – 4/8/2021) បណ្តាលឲ្យមានបាតុករ៨៤នាក់រងរបួស ។
គេហទំព័រ Elnashra បានផ្សាយថា មានពលរដ្ឋរាប់ពាន់នាក់បានចូលរួមធ្វើបាតុកម្មនៅមុខអគាររដ្ឋសភាក្នុងរដ្ឋធានី Beirut ទាមទារបើកការស្រាវជ្រាវប្រកបដោយតម្លាភាពទៅលើករណីផ្ទុះឃ្លាំងគីមី នៅកំពង់ផែសម្លាប់មនុស្ស ២១៤នាក់ និងរបួសជាង៦០០០នាក់។
ពលរដ្ឋដែលគេចផុតពីក្តីស្លាប់ ដោយការផ្ទុះនោះបាននាំគ្នាដង្ហែក្បួនដោយមានកាន់ទង់ជាតិលីបង់ និងរូបភាពជនរងគ្រោះស្លាប់ដោយសារការផ្ទុះនោះ។ ការធ្វើបាតុកម្ម ដោយមានទាំងការបួងសួង និងការខឹងសម្បាពីពលរដ្ឋចំពោះការស្រាវជ្រាវលើករណីផ្ទុះ មិនមានតម្លាភាព។
នៅថ្ងៃទី៤ ខែសីហា បណ្តាក្រុមហ៊ុន រោងចក្រ ធនាគាររបស់រដ្ឋត្រូវបិទទ្វារ ក្នុងឱកាសខួបមួយឆ្នាំនៃថ្ងៃផ្ទុះកំពង់ផែ។ ឃ្លាំងស្ទុកសារធាតុគីមី២៧០០តោនប្រភេទ ammonium nitrate បានផ្ទុះយ៉ាងខ្លាំងបំផ្លាញកំពង់ផែទាំងមូល។
រយៈពេល១ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែសំឡេងផ្ទុះយ៉ាងខ្លាំង និងការបំផ្លាញនោះដក់ជាប់ក្នុងអារម្មណ៍ពលរដ្ឋជានិច្ច មិនទាន់អាចរំសាយបានឡើយ។ ពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយរយៈពេល ១ឆ្នាំបានកន្លងផុតទៅ តែមិនទាន់មានថ្នាក់ដឹកនាំណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ។
នៅថ្ងៃទី៤ខែសីហា បារាំងបានដឹកនាំកិច្ចប្រជុំមានថ្នាក់ដឹកនាំប្រទេស៤០រូបចូលរួមដើម្បីស្វែងរកការផ្តល់ជំនួយដល់ប្រទេសលីបង់។ ជាមួយគ្នានោះដែរ មេដឹកនាំបារាំង បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ ១០០លានអឺរ៉ូ ដល់ប្រទេសនេះ នៅខែក្រោយដើម្បីអភិវឌ្ឍកំពង់ផែឡើងវិញ៕ដោយ៖ធីរីណា

រូបថត៖Xinhua

ប្រភព៖SIPA


ចែករំលែក៖